(ភ្នំពេញ)៖ ​លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ មន្ដ្រីកាំកុងត្រូលរបស់លោក នៅ​តាមបណ្ដារាជធានី-ខេត្ត បានធ្វើការរឹបអូស ទំនិញខូចគុណភាព៤៤តោន ក្នុងនោះតាមព្រំដែនដកហូតបាន១៧តោន និង២៧តោន រឹបអូសតាមទីផ្សារ និងសប្បកម្មនានា។​

ការថ្លែងបែបនេះ របស់លោក ម៉ក់ ពេជ្ជរិទ្ធ ត្រូវបានធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពចំណីអាហារ ដល់សិស្សានុសស្ស និងបងប្អូនប្រជាពលរដ្ឋ ជាង១,០០០នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ លោកជំរុញឲ្យមន្ដ្រីកាំកុងត្រូល នៅទូទាំងប្រទេស ត្រូវបន្ដ និងពង្រឹងសមត្ថភាព ចុះទ​ប់ស្កាត់ ការតាំងលក់ទំនិញខូចគុណភាព និងអប់រំដល់អាជីវករទាំងអស់ ឲ្យយល់ដឹងកាន់តែច្បាស់ពីបញ្ហាសុខភាព កុំយកទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព មកដាក់តាំងលក់៕