(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅពិនិត្យផ្ទាល់ និងជួបជាមួយក្រុមអ្នកបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលប្រចាំការនៅកន្លែងទំនប់សណ្តរ នៃស្ទឹងព្រែកត្នោត ត្រូវបានទឹកហូរច្រោះដាច់​ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ។

នៅក្នុងឱកាសនោះ សម្ដេច សាយ ឈុំ បានឧបត្ថម្ភថវិកាចំនួន២លានរៀល ដល់ក្រុមការងារដែលប្រចាំការនៅទីនោះផងដែរ។

សូមបញ្ជាក់ថា ដោយសារតែទឹកភ្លៀងបានធ្លាក់នៅប៉ុន្មានថ្ងៃនេះជាប់គ្នា នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺ បានធ្វើឲ្យទឹកបានហូរបុកមកតាមស្ទឹងព្រែកត្នោត រហូតហូរច្រោះទំនប់សណ្តរ ហើយលិចដីស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ នៅតាមសង្កាត់មួយចំនួន របស់ខណ្ឌដដ្កោ។ ជាមួយគ្នានេះ ទឹកក៏បានហូរកាត់ និងលិចផ្លូវលេខ២១៧ ឬផ្លូវចំការដូង ចាប់ពីចន្លោះស្ពានព្រែកជ្រៃ ទៅរង្វង់មូលដីក្រហម ដែលមិនអាចឲ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរបានដោយត្រូវពង្វាងទៅតាមផ្លូវចំនួន០២ខ្សែដូចខាងក្រោម៖

១៖ ពីផ្លូវជាតិលេខ២ ទៅមកផ្លូវលេខ២៧១ ត្រូវចរាចរឆ្លងកាត់តាមមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ក្នុងគម្រោងអភិវឌ្ឍន៍បឹងជើងឯក។
២៖ ពីផ្លូវជាតិលេខ២ ទៅមកផ្លូវ២៧១ ត្រូវចរាចរឆ្លងកាត់តាមស្ពានព្រែកថ្លឹង។

ទន្ទឹមនឹងនេះដើម្បីធានាសុវត្ថិភាព និងមិនបង្កការប៉ះពាល់ដល់តួទំនប់ព្រែកត្នោត ការធ្វើចរាចរលើផ្លូវទំនប់សងខាងស្ទឹង ចាប់ពីផ្លូវជាតិលេខ៣ ដល់ផ្លូវជាតិលេខ២ ក៏ត្រូវហាមឃាត់ផងដែរ។ អភិបាលខណ្ឌដង្កោ លោក នុត​ ពុធដារ៉ា បានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះថា ចរាចរនៅមិនទាន់ឲ្យឆ្លងកាត់នៅឡើយទេ ដោយទឹកមិនទាន់ស្រក៕