(វ៉ាស៊ីនតោន)៖ នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងឈានចូលមកដល់ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ រឿងអាស្រូវ Email បាននិងកំពុងធ្វើឱ្យលោកស្រី ហ៊ីលឡារី​ គ្លីនតុន ស្គាល់ការវិវត្តន៍ថយក្រោយ សារជាថ្មីនៃប្រជាប្រិយភាពរបស់ខ្លួន ខណៈការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI​ ទទួលបានដីកា​អនុញ្ញាតពីតុលាការ ក្នុងការត្រួតពិនិត្យ Email ៦៥០,០០០ ​របស់អតីតរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik របស់រុស្សី នៅយប់ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

យោងតាមដីកានេះ FBI អាចត្រួតពិនិត្យ និងធ្វើការវិភាគលើ Email ៦៥០,០០០ របស់លោកស្រីគ្លីនតុន ដែលត្រូវបាន គេរកឃើញនៅក្នុងកុំព្យូទ័រយួរដៃ របស់ អតីតសមាជិកសភាលោក Anthony Weiner ដែលត្រូវបានប្រើប្រាស់ដោយ អតីតភរិយារបស់លោក គឺលោកស្រី Huma Abedin ជាមនុស្សជិតស្និទម្នាក់នឹងលោកស្រី គ្លីនតុន។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាចោទនោះគឺថា តើ FBI អាចបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ ខែវិច្ឆិកា បានដែរឬទេ? ព្រោះថា FBI ​ផ្ទាល់ត្រូវបែងចែក Email ឆ្លើយឆ្លងគ្នារាប់​ពាន់ ​រវាង លោក Anthony Weiner និងលោកស្រី Huma Abedin​ ដើម្បីស្វែងរក Email ពាក់ព័ន្ធនឹង លោកស្រីគ្លីនតុន៕