(កំពង់ធំ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាអនុប្រធានគណៈកម្មការ សម្រាប់ ដោះស្រាយបញ្ហា កូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានបញ្ជាក់ឲ្យដឹងថា សមាជិកគណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា ហៅកាត់ថា គ.ក.ប ចាំបាច់ត្រូវមានវិធានការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និង ដោះស្រាយ ឲ្យទាន់ពេលវេលា នៅតាមតំបន់ដែលទទួលខុសត្រូវ និងត្រូវបំពាក់បំប៉ននៅតាមភូមិសាស្រ្តទទួលខុសត្រូវរៀងៗខ្លួន ក្នុងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា។

លោក ពេជ សោភ័ន បានលើកឡើងបែបនេះ ខណៈលោក និងក្រុមការងារ បានចូលរួមនៅក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទស្តីពី «ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម» ​នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខេត្ត ខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពី លោក ឡុង ដារ៉ា មេធាវីរាជរដ្ឋាភិបាល និងជាសមាជិក គ.ក.ប លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងសមាជិក សមាជិកា រួមនឹងសិក្ខាកាមជាច្រើននាក់ទៀត។

លោក ពេជ សោភ័ន បានបន្ថែមថា «តាងនាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម គ្រប់មុខសញ្ញា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា រដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលឲ្យចេញជារូបរាងឡើងនាពេលនេះ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ គ.ក.ប ជាមួយនឹងមន្រ្តីអាជ្ញាធរខេត្តផងដែរ ជាពិសេសដើម្បីពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមភូមិសាស្រ្តរបស់ខ្លួន។ តាមរយៈអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ សមត្ថកិច្ចជាន់គ្រប់ថ្នាក់ គ្រប់ផ្នែក បានដើរតួនាទី និងចូលរួមយ៉ាងសកម្ម ក្នុងគោលដៅរក្សាបាននូវបុរេលក្ខខណ្ឌ​ សម្រាប់ការអភិវឌ្ឍគឺស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម សន្តិភាព និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងនៅ ខេត្តនេះផ្ទាល់ផងដែរ»

រដ្ឋលេខាធិការក្រសួងការងារដដែលបានឲ្យដឹងថា ការររៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម» នាពេលនេះ គឺធ្វើឡើង ស្របនឹងស្ថានការណ៍បច្ចុប្បន្នដែល គ.ក.ប គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ទប់ស្កាត់ អន្តរាគមន៍ និងដោះស្រាយ។

វគ្គនេះសិក្សាអំពីសាវតារចក្ខុវិស័យតួនាទីនិងភារកិច្ច រចនាសម្ព័ន្ធ និងសមាសភាពរបស់ គ.ក.ប ការអភិវឌ្ឍវិស័យការងាររបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ កូដកម្ម-បាតុកម្ម ឆ្នាំ២០១១-២០១៦ នីតិវិធីដោះស្រាយវិវាទការងារកូដកម្ម និងបាតុកម្ម បទបញ្ជាលេខ០៣ ស្តីពីការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់រោងចក្រ សហគ្រាស និង តំបន់ឧស្សាហកម្មសារាចរណែនាំលេខ១០សរណ ស្តីពីការប្រគល់ភារកិច្ចជូនអភិបាលរាជធានីខេត្ត ជួយសម្រួលដល់ការគ្រប់គ្រងរោងចក្រ សហគ្រាសដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីខេត្ត សកម្មភាពល្មើសច្បាប់មួយចំនួន ទោសប្បញ្ញត្តិដែលកំណត់ក្នុងច្បាប់ស្តីពីសហជីព បញ្ហាប្រឈមទិសដៅបន្ត និងសន្និដ្ឋាន។ ជាមួយគ្នានោះក៍មានការចូលរួមធ្វើបទបង្ហាញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្តីពី សេវាការងារសាធារណៈផងដែរ។

ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបតែបានប្រកាសដាក់ឲ្យអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវការការពារសិទ្ធិ និងផលប្រយោជន៍ ក្នុងគោលដៅបន្តលើកស្ទួយសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ធានានូវសិទ្ធិសេរីភាព ក្នុងកាចរចាជាសមូហភាពរវាងកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍ ការងារ សមរម្យ បង្កើនផលិតភាព និងការវិនិយោគ។ ជាមួយគ្នានេះ គិតត្រឹមខែមិថុនា ឆ្នាំ២០១៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងគុណភាពនៃការចុះបញ្ជិកាសហជីពក្នុងនោះសហភាព សម្ព័ន្ធសហព័ន្ធចំនួន១៧ សហព័ន្ធសម្ព័ន្ធសហជីពចំនួន១០០ សហជីពមូលដ្ឋានចំនួន ៣.៥២៥ និងសមាគមនិយោជកចំនួន ៨។

លោក ពេជ សោភ័ន បានរំលឹកឲ្យដឹងថា កុបកម្មហិង្សា ក្នុងខែមករា ឆ្នាំ២០១៤ ជាពិសេសបង្កឡើងដោយក្រុមជនអនាធិបតេយ្យ ដោយមានការញុះញង់ពីជនខិលខូច និងអ្នកនយោបាយ ឱកាសនិយម គឺជាសញ្ញាព្រមានជាថ្មីឱ្យ ឃើញថាភាពវឹកវរក្នុងទីផ្សារការងារ អាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ ស្ថិរភាពសង្គម ព្រមទាំងជំនឿទុកចិត្តពីវិនិយោគិននិងអាចឈានទៅ បង្កើតឱ្យមានឡើងនូវបញ្ហាសង្គម ធ្ងន់ធ្ងរសារជាថ្មីដែល កម្ពុជាធ្លាប់បានឆ្លងកាត់យ៉ាងឈឺចាប់ក្នុងអតីតកាល។

ចំពោះបញ្ហាកូដកម្ម បាតុកម្មតាមរោងចក្រ សហគ្រាសក្នុង ៩ខែ ឆ្នាំ២០១៦ នេះ ក៏ជាបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ កូដកម្ម ១៧៩រោងចក្រ ១៨៦ករណី មានកូដករសរុបចំនួន ៤៦.៥១០នាក់ ដោះស្រាយសះជាចំនួន ១៦៧រោងចក្រ ១៧៤ករណីស្មើនឹង ៤៤៧ដង(ថ្ងៃ) មិនសះជា ១២ករណី (មាន ៧រោងចក្រ កើតកូដកម្ម ២លើក) បានដោះស្រាយបញ្ចប់ករណីរោងចក្របិទទ្វារចំនួន ៣៥រោងចក្រ មានកម្មករនិយោជិតសរុប១០,៩៥៦នាក់។ ចំណែកឯបាតុកម្មប្រជាពលរដ្ឋមានចំនួន ១៨៣ បាតុករចំនួន ១៥,៣៩៩ នាក់ (គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦)៕