(ភ្នំពេញ)៖ នារីម្នាក់ត្រូវបានប្តីរបស់ខ្លួន សម្លាប់នៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅបន្ទប់ផ្ទះជួលលេខ៧ ក្រុមទី៣ភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាការពារ សង្កាត់ស្ទឹងមានជ័យ លោក ឈី បាននិយាយថា «មានករណីឃាតកម្ម ប្តីសម្លាប់ប្រពន្ធ ស្ថិតនៅក្នុងបន្ទប់ផ្ទះជួលលេខ៧ ជនរងគ្រោះឈ្មោះ ផាត ស្រីនេត អាយុ២២ឆ្នាំ មុខរត់តុក នៅហាងមនោរម្យ និងមានស្រុកកំណើត ភូមិទទួលកណ្តោល ឃុំជីគោ ខេត្តត្បូងឃ្មុំ»

លោក ឈី បានបន្តទៀតថា អំពើឃាតកម្មនេះ បានកើតឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះ តែទើបមានការភ្ញាក់ផ្អើល នៅព្រឹកមិញ ក្រោយពីម្តាយនារីរងគ្រោះ ដែលរស់នៅភូមិថ្មី មិនឃើញកូនទៅលេងផ្ទះ ក៏មកមើលកូនហើយឃើញទ្វារបន្ទប់បិទជិត ក៏ទម្លុះសោស្រាប់តែឃើញកូនស្រីដេកស្លាប់បាត់ទៅហើយ។

បើតាមប្រជាពលរដ្ឋរស់នៅក្បែរបន្ទប់នារីរងគ្រោះ បានឲ្យដឹងថា ពួកគេទាំង២នាក់ បានឈ្លោះប្រកែកតាំងពីថ្ងៃអាទិត្យមកនោះ ហើយអាចសង្ស័យឈ្លោះគ្នា រឿងប្រចណ្ឌទៀតផង ដោយសារនារីរងគ្រោះធ្វើការនៅក្នុងហាង។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានបញ្ជាក់ថា នៅពេលនេះ បុរសជាប្តីបានរត់គេចខ្លួនបាត់ហើយ ខណ:កម្លាំងនគរបាលរបស់លោកកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

បច្ចុប្បន្នសពជនរងគ្រោះ នៅក្នុងបន្ទប់នៅឡើង រង់ចាំ មន្រ្តីចក្ខុមកពិនិត្យ៕

ខាងក្រោមនេះជារូបក្រុមគ្រួសារ នារីរងគ្រោះ