(កំពង់ស្ពឺ)៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធសកម្មភាពលួចម៉ូតូ និងចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន បើកប្រតិបត្តិការស្រាវជ្រាវរហូត ឈានទៅដល់ការឃាត់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៨ ខែតុលា រហូតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

ជនសង្ស័យលួចម៉ូតូរបស់អ្នកស្រុក ត្រូវបានចាប់ខ្លួននៅចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង។ មន្រ្តីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ទី១-ឈ្មោះ សួង វ៉ាន់ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ទី២-ឈ្មោះ អ៊ូច សុខអាណន់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន និងទី៣-ឈ្មោះ ងួន មេត្តា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការដូង ឃុំវល្លិ៍ស ស្រុកសំរោងទង។

ជនសង្ស័យទាំងនេះ បានលួចម៉ូតូ១គ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរី 2012 ពាក់ស្លាកលេខប៉ៃលិន 1A-8269 របស់ជនរងគ្រោះឈ្មោះ អ៊ុក វឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់បក្ខពួក កម្លាំងជំនាញរបស់លោក នៅវេលារសៀលម៉ោង១២ និង០០នាទីនាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ បានឆែកឆេរផ្ទះជួលខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ខាងលើ ចំណែកវត្ថុតាងម៉ូតូ ជនសង្ស័យបានយកទៅលក់ឲ្យអ្នកផ្សេងបន្សល់ទុកតែស្លាកលេខម៉ូតូ។ ពេលចុះឆែកឆេរផ្ទះជួលខាងលើនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀតករណីសេពគ្រឿងញៀនមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ យិន រដ្ឋា អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ២-ឈ្មោះសយ សីហា អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ច្បារមន ក្រុងច្បារមន និង៣-ឈ្មោះ មុន្នី សុផានុត អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំក្រុងច្បារមន ក្នុងនោះដកហូតសម្ភាររួមមាន៖ ដែកកេះ ០៦ ទុយោ២ ជញ្ជីងផ្លឹង១ ក្រដាស់១ដុំ ដាវ១ ថង់ច្រកថ្នាំញៀន២៥០ ថង់។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួម ទាំងវត្ថុតាង និងសម្ភារៈបានយកមកទីបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕