(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានលើកឡើងថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ កាន់តែច្រើនឡើងៗ ធ្វើឲ្យបាត់បង់ជីវិតមនុស្ស សត្វ ខូចខាតទ្រព្យសម្បត្តិ ធនធានធម្មជាតិ និងថែមទាំងធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាច្រើនទៀតផងដែរ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំបើកសិក្ខាសាលាបណ្ដុះបណ្ដាលមួយស្ដីពី «ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និងគោលនយោបាយអាកាសធាតុ» ដល់មន្ដ្រីជំនាញរៀបចំផែនការ និងថវិកាចំនួន៣០រូប មកពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធ។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន លោកស្រី Mari Ahlbin ទីប្រឹក្សាទទួលបន្ទុកផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសស៊ុយអ៊ែដ លោកស្រី Anna Guittet ទីប្រឹក្សាទទួលបន្ទុកអភិបាលកិច្ច និងការប្រែប្រួលអាកាសធាតុ នៃស្ថានទូតស៊ុយអ៊ែដ ប្រចាំនៅប្រទេសកម្ពុជា លោកស្រី​ Angus MACKY នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍បៃតង និងការប្រែប្រួលអាកាសធាតុ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ នៃអង្គការសហប្រជាជាតិ (UNITAR) និងលោក Julien Chenvillard នាយកគ្រប់គ្រងមូលនិធិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាផងដែរ។

លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ​គ្រោះមហន្ដរាយទាំងនោះ បានធ្វើឲ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងបានបង្កការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាក់ស្ដែងនៅឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការយុទ្ធសាស្ដ្រឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់បញ្ហានៃការប្រែប្រួលអាកាសធាតុនេះ ទៅក្នុងសារាចរណែនាំ ស្ដីពីការរៀបចំថវិកាសម្រាប់ឆ្នាំ២០១៧ទៀតផង។

បន្ថែមពីនេះ លោក រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និងគោលនយោបាយអាកាសធាតុ» នៅពេលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការ ព្រោះថា គ្រប់ប្រធានបទសុទ្ធតែមានសារសំខាន់ សម្រាប់ការអនុវត្តនៅក្នុងប្រទេស។ លោករដ្ឋលេខាធិការ លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តដាក់ចូលរួម នូវគ្រប់បទឧទ្ទេស ព្រមទាំងត្រូវចូលរួមពិភាក្សា ផ្លាស់ប្ដូរគំនិតយោបល់ ដើម្បីចាប់យកចំណេះដឹង បទពិសោធន៍ និងមេរៀនល្អៗ។

ជាមួយគ្នានោះ លោក Angus MACKAY បានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលរបស់យើងនៅពេលនេះ គឺជាឧបករណ៍សំខាន់មួយ សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ លើការអនុវត្តគោលនយោបាយអាកាសធាតុ ផ្សារភ្ជាប់នឹងការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ។ លោក រំពឹកថា វគ្គបណ្ដុះបណ្ដាល នឹងទទួលបានលទ្ធផលល្អដូចវគ្គមុនៗដែរ។ ទន្ទឹមនេះ លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់នូវប្រយោជន៍ជាច្រើន ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការកសាងសមត្ថភាព សម្រាប់ចាប់យកមូលនិធិអាកាសធាតុ ដែលមិនត្រឹមតែពីថវិកាជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានលទ្ធភាពអាចឈាន ទៅទទួលបានថវិកាពីប្រភព ដៃគូអភិវឌ្ឍន៍ទៀតផង៕