(ភ្នំពេញ)៖ លោក​ សេង​ លាង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​០១​ ខែ​វិច្ឆិកា ឆ្នាំ២០១៦នេះ​ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ឃាតក ​ដែល​សម្លាប់ស្ត្រីជា​សង្សារ ​ក្នុង​ផ្ទះ​សំណាក់«​អូយេស​» ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។

មន្ត្រីតុលាការបានបញ្ជាក់ថា ឃាតក​រូប​នេះ​ត្រូវ​បាន​លោក​ ហោ​ លីណា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ អស់​មួយ​ជីវិត​។

សមត្ថកិច្ច​បញ្ជាក់​ថា​ ​ឃាតក​រូប​នេះ​ ឈ្មោះ​ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មានស្រុកកំណើត នៅ​ខេត្តព្រះវិហារ។​ ជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ​យីហោ «ហេងហេង» នៅដេអិន ស្នាក់នៅផ្ទះជួល១៦C-១៦D ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

សមត្ថកិច្ច​បន្ត​ថា​ ក្រោយ​ស្រាវជ្រាវជាច្រើនម៉ោងទើបដឹងថា ស្ត្រីរងគ្រោះជាអ្នកបម្រើការងារ​ នៅហាងខារ៉ាអូខេ ដោយមានការទំនាក់ទំនង​គ្នា​ជាមួយ ជន​សង្ស័យតាំង​ពីឆ្នាំ​២០១៤ មកម្ល៉េះ តាម​រយៈ​ការចូលផឹកស៊ីច្រើនលើកច្រើនសារ នៅខារ៉ាអូខេយីហោ «ហេងហេង» ហើយតែងតែណាត់ជួបគ្នា តាមផ្ទះសំណាក់ផ្សេងៗ។

នៅមុនពេលកើតហេតុថា ពោលគឺ​យប់ថ្ងៃទី២៤ ខែ​តុលា​ ជនសង្ស័យបានជិះម៉ូតូឌុប ចេញពីផ្សារញ៉ែ​ ក្នុងបំណងទៅជួលផ្ទះ​សំណាក់យីហោ «អូយេស» ក្នុងបន្ទប់លេខ២០C ជាន់ទី៣ ដែលជាចំណុចកើត​ហេតុដើម្បីដេក ស្រាប់តែដល់វេលាយប់​ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះ​ បានមកដល់ផ្ទះ​សំណាក់សួររកបន្ទប់ ដែលជន​សង្ស័យបានជួល​ស្នាក់នៅ ព្រមទាំងបានឡើងទៅដេកជាមួយគ្នា​ថែមទៀតផង។

លុះដល់វេលា​យប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជន​សង្ស័យ ដែលជាសង្សារដើម្បីត្រឡប់​ទៅផ្ទះវិញ តែជនសង្ស័យ​មិនព្រមឡើយទើប មានការ​ឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដោយជនសង្ស័យ​បានចោទប្រកាន់លើ​ជនរងគ្រោះថា មានប្រុសច្រើន ខណៈនោះស្ត្រីរងគ្រោះ​បានយកទូរស័ព្ទ ​មកឆាតលេង​ជាមួយប្រុស និងបានបង្ហាញរូបថត​អ្នក ដែល​ស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើល ទើបបណ្ដាលឲ្យជនសង្ស័យ​ជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាព​សង្កត់ ពីលើខ្ទប់​មាត់ច្របាច់ក ទាល់តែដាច់ដង្ហើម​ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យ​ មិនទាន់អស់ចិត្តខ្លាច​ក្រែងជនរងគ្រោះ​មិនទាន់ស្លាប់ ក៏យក​កន្សែងពោះ​គោមកហែក​រួចរិតកបន្ថែមទៀត ដើម្បីបញ្ចប់ជីវិតឲ្យអស់​សង្ស័យតែម្ដង។

បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះ​យកគ្រឿងអលង្ការ ​មានខ្សែប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីន​ចំនួន៣កង ព្រមទាំងយកទូរស័ព្ទ​មួយគ្រឿងរត់គេចខ្លួន ដើម្បីយកគ្រឿងអលង្ការ​ ទៅលក់បានប្រាក់​៣៦៥ដុល្លារ និងទូរស័ព្ទ​បានប្រាក់២០០ដុល្លារ រួចជនសង្ស័យជិះរថយន្ដតាក់ស៊ីគេចខ្លួន​​ ទៅខេត្តព្រះសីហនុ​បាត់ស្រមោល​៕