(ប៉ៃលិន)៖ ជនសង្ស័យម្នាក់ ត្រួវបានកម្លាំងអធិការដ្ឋាននគរ​បាលក្រុងប៉ៃលិន សហការជាមួយប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ទូលល្វា ធ្វើការឃាត់ខ្លួន​តាមពាក្យបណ្តឹងរបស់ជនរង​គ្រោះឈ្មោះ ញឹម ឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ពីបទលួច ដែលប្រព្រឹត្តទៅ​នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន។ ការឃាត់ខ្លួនជនសង្ស័យនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៦ ​នៅចំណុចក្នុងភូមិអូរពើត សង្កាត់ទូលល្វា ក្រុងប៉ៃលិន​។

លោក ឡេង ឈីម អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ក្រុងប៉ៃលិន បានឲ្យដឹងថា នារសៀលថ្ងៃទី១​ វិច្ឆិកា​នេះថា​ ក្រោយពីកម្លាំងជំនាញ ទទួលបានពាក្យបណ្តឹង​ពីជនរងគ្រោះ​ ថាមានករណីចោរចូល​ក្នុងផ្ទះលួចទូរស័ព្ទ ពេលនោះកម្លាំងរបស់លោក បានចេញប្រតិបត្តិការភ្លាមៗ ​ប៉ុន្ដែជនសង្ស័យតាមរត់គេចខ្លួន​ ក្នុងព្រៃក្បែរផ្ទះបំរុងយកទូរស័ព្ទយកទៅលក់​។

លោកអធិការរង បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន​ ឈ្មោះ នាង រ៉ា អាយុ២៧ឆ្នាំ ហើយជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធនាគារ​២លើក និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដ៏សកម្មទៀតផង​។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញដកហូតបានទូរស័ព្ទ ២គ្រឿង ម៉ាកiPhone6 និងម៉ាក Icall ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រួវបានកម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ៃលិន រៀបចំសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការបន្ត រីឯ​ទូរស័ព្ទ​ដៃ២គ្រឿង ​សមត្ថកិច្ច​បានប្រគល់​ឲ្យម្ចាស់​ដើមវិញហើយ៕