(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ អង្គការ Hallo Trust សហការជាមួយកម្លាំងវរៈ៨២៥ និងកម្លាំងប៉ុស្តិ៍ថ្មដា បានចុះប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបាន ១២៥គ្រាប់ និងកម្ទេចចោលក្នុងឃុំថ្មដា ស្រុកវាលវែង ដែលគ្រាប់ទាំងអស់នោះ សុទ្ធសឹងជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចច្រក៥៦ អន្លង់ក្រពើ និងប៉ុស្តិ៍ភ្នំគុតឫស្សី ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ជា ជួន មេបញ្ជាការរងរវការពារព្រំដែន៨២៥ ទិសថ្មដា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា រយៈពេល៣ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែតុលានេះ កម្លាំងរវៈរបស់លោក និងបុគ្គលិកអង្គការ Hallo Trust បានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាមបានចំនួន១២៥គ្រាប់ មានដូចជា៖ ប្រភេទ១២០មីលីម៉ែត្រ ចំនួន១១គ្រាប់, ប្រភេទ១០០មីលីម៉ែត្រ ២៥គ្រាប់, ប្រភេទ៨២មីលីម៉ែត្រ ២៤គ្រាប់, ប្រភេទ៦០មីលីម៉ែត្រ ៤៨គ្រាប់, ប្រភេទ៦៩មីលីម៉ែត្រ ៨គ្រាប់, ប្រភេទ PG2 ចំនួន៦គ្រាប់, ប្រភេទ F1 ចំនួន១គ្រាប់, ប្រភេទ M46 ចំនួន១គ្រាប់, ប្រភេទ72A ចំនួន១គ្រាប់។

លោកមេបញ្ជាការរងវរៈ៨២៥ បានបន្តថា «ក្រោយពេលប្រមូលបានហើយនោះ យើងបានកម្ទេចចោលនៅទីនោះតែម្តង ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទណាក៏ដោយ ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពជំនាញ Hallo Trust ដើម្បីយកទៅកម្ទេចចោល ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ»