(ព្រះសីហនុ)៖ កំលាំងសមត្ថកិច្ចចំរុះ ដឹកនាំដោយលោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ និងលោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្តវិធានការក្តៅ ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចេញចូលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីតាំងផ្លូវប្រសព្វច្រកចេញ ចូលមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ជាមួយនឹងការកាត់ទ្រុងចំពោះរថយន្តល្មើសច្បាប់ ក៏មានផាកពិន័យចំពោះរថយន្ត ដែលខុសលក្ខណៈបច្ចេកទេសផងដែរ នៅព្រឹកថ្ងៃនេះ ។

លោក ណុប ហេង បានថ្លែងថា វិធានការណ៍តឹងរ៉ឹងនេះ នឹងអនុវត្តដោយមិនយោគយល់ឡើយ ប្រការនេះលោកសូមស្នើដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ប្រញាប់កាត់តម្រឹមរថយន្តរបស់ខ្លួន ឲ្យហើយ ជៀសវាងកំលាំងសមត្ថកិច្ចប្រើវិធានការក្តៅ នាំតែខាតបង់ប្រាក់កាស និងពេលវេលានោះទេ៕