(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យពលរដ្ឋអាមេរិក ដែលគាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កត់ត្រាទុកនូវសម្តីរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានហៅលោក ដូណាល់ ត្រាំ ជាជនផ្តាច់ការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ផងដែរថា សម្តេចនឹងបញ្ជូនសាររិះគន់របស់មេបក្សប្រឆាំងនៅកម្ពុជានេះឲ្យទៅដល់ លោក ត្រាំ ផងដែរ បើទោះបីលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឬ មិនជាប់ក៏ដោយនោះ។

ការថ្លែងសុំឲ្យពលរដ្ឋអាមេរិកកត់ត្រាទុកនូវសម្តីមេបក្សប្រឆាំងនៅកម្ពុជានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជិត ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

បន្ថែមពីលើអ្វីដែលសម្តេចបានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិកាលពីថ្ងៃទី០៣ ខែវិច្ឆិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជាប់ ឬ ធ្លាក់របស់បេក្ខភាពប្រធានាធិបតីអាមេរិកលោក ត្រាំ និងលោកស្រី ហ៊ីលឡារី គ្លីនតុន ជារឿងរបស់ពលរដ្ឋអាមេរិក តែសម្តេចក៏មានសិទ្ធិក្នុងការវិភាគទៅលើព្រឹត្តិការណ៍ វិវឌ្ឍន៍របស់ពិភពលោកជុំវិញការបោះឆ្នោតរបស់អាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរក្សាការវិភាគរបស់សម្តេចថា ប្រសិនបើលោក ដូណាល់ ត្រាំ ដែលជាអ្នកជំនួញជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ស្ថានការណ៍ ពិភពលោកនឹងល្អប្រសើរ ហើយទំនាក់ទំនងអាមេរិក និងរុស្ស៊ី ក៏ល្អប្រសើរផងដែរ។ ផ្ទុយទៅវិញប្រសិនបើលោកស្រី គ្លីនតុន ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកស្រី អាចនឹងបន្តនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដូចអ្វីដែលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យកំពុងធ្វើនាពេលបច្ចុប្បន្ន។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងបទសម្ភាសន៍ជាមួយព្រឹត្តិបត្រព័ត៌មានខេមបូឌា ដេលី កាលពីថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅបានហៅការគាំទ្រ របស់សម្តេចតេជោ ហ៊ុន សែន លើលោក ដូណាល់ ត្រាំ ជាការគាំទ្រគ្នារបស់ជនផ្តាច់ការ។ លោក សម រង្ស៊ី បានហៅលោកត្រាំ ថា ជាជនជឿជាក់លើ អំណាចផ្តាច់ការរបស់លុយ។

ឆ្លើយតបទៅនិងអ្វី ដែលលោក សម រង្ស៊ី បានលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «រឿងឈ្នះ រឿងចាញ់ រឿងរបស់ប្រជាជនអាមេរិកតើ! ប៉ុន្តែខ្ញុំបានធ្វើការវិភាគថា ខ្ញុំចង់ឲ្យ ដូណាល់ ត្រាំ ឈ្នះ។ មូលហេតុវានៅត្រង់នេះ បើប្រជាធិបតេយ្យឈ្នះ គឺលោកជំទាវ ហ៊ីលឡារី គ្លីនតុន ខ្ញុំក៏ធ្លាប់ស្គាល់គាត់ ខ្ញុំមិនដែលស្គាល់ ត្រាំ ទេ។ ឈ្នះទំនាក់ទំនងចិន និងអាមេរិក អាចគ្រប់គ្រងបាន ដោយសារគូភាគីទាំងអាមេរិក និងចិន គឺមានការសម្របសម្រួលមួយក្នុងការ គ្រប់គ្រងទំនាស់ និងជំរុញសហប្រតិបត្តិការ ភាគីទាំងពីរត្រូវគ្នាជាដៃគូពាណិជ្ជកម្ម ប៉ុន្តែភាគបន្តរវាងអាមេរិក និងរុស្ស៊ី មិនល្អទេ ព្រោះតែដោយសារទណ្ឌកម្ម របស់អាមេរិកទៅលើរុស្ស៊ីមិនទាន់ត្រូវបានបញ្ចប់ទេ បើប្រជាធិបតេយ្យបន្តមានន័យថា ទណ្ឌកម្មចំពោះរុស្ស៊ី មុខតែបន្តទៀតហើយ។ អាហ្នឹងជាសិទ្ធិវិភាគរបស់ខ្ញុំតើ ហេតុអ្វីក៏ថា ដូណាល់ ត្រាំ ជាជនផ្តាច់ការ ហើយត្រូវបានជនផ្តាច់ការជាច្រើនចេញទៅគាំទ្ររាប់ទាំង ហ៊ុន សែន ផងដែរ មានទាំងពូទីន មានទាំង ម៉ូកាបេ»

សម្តេចតេជោ បន្តថា «បើសិនត្រាំ គាត់ឈ្នះទំនាក់រវាងរុស្ស៊ី អាមេរិក វាល្អប្រសើរដើរទន្ទឹមជាមួយចិន និងអាមេរិក អាហ្នឹងវាធ្វើឲ្យពិភពលោកវាល្អ សេដ្ឋកិច្ចវាលូតលាស់ ខ្ញុំមានបង្អាប់ ហ៊ីលឡារី ពីអង្កាល។ សូមផ្តាំត្រឡប់ទៅវិញខ្ញុំ នឹងបញ្ជូនទៅហើយ ទោះបីលោក ដូណាល់ត្រាំ គាត់ចាញ់ ឬឈ្នះ តែខ្ញុំឲ្យប្រមូលឯកសារទាំងឡាយ ដែលគេទិតៀន។ សូមប្រជាជនអាមេរិក អ្នកកាន់ជើងត្រាំទាំងប៉ុន្មាន មានមនុស្សចោទត្រាំថា ជាជនផ្តាច់ការហើយ ព្រោះមាន ហ៊ុន សែន មានពូទីន មានមូកាបេ ទៅគាំទ្រត្រាំ»

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីរវាងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ និង លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យជាមួយលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីបច្ចុប្បន្ន នឹងឈានមកដល់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះហើយ ម៉ោងនៅសហរដ្ឋអាមេរិក ដែលវាត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា។

ពិភពលោកកំពុងនិងចាប់អារម្មណ៍ខ្លាំងលើព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសមហាអំណាចពិភពលោកមួយនេះ គ្រា ដែលសង្រ្គាម ដណ្តើមប្រជាប្រិយភាពរវាងលោក ត្រាំ និងលោកស្រី គ្លីនតុន កំពុងមានសភាពក្តៅគគុកផងដែរ។ បើតាមការធ្វើស្ថិតិសន្ទុះ នៃការគាំទ្របេក្ខភាព ប្រធានាធិបតីអាមេរិកទាំងពីរនេះ នៅតែត្រដំត្រសងគ្នានៅឡើយ៕

សូមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​៖