(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរពេទ្យកុមារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានអ្នកជំងឺជាង៧ពាន់នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារជាតិ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃនេះ ​​មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ២,៥៨៧នាក់, ​អ្នកជំងឺអនុញ្ញាតិឲ្យចូលសម្រាក់ព្យាបាល ៣៦១នាក់ ក្នុងនោះមានជំងឺទារកតូចៗគ្រប់ប្រភេទ៦០នាក់, អ្នកជំងឺក្រីក្រត្រូវ​បានអនុញ្ញាតិ សម្រាកព្យាបាលដោយមិនបង់ប្រាក់២៦ភាគរយ, ចំនួនវះកាត់សរុប២៣នាក់, ការព្យាបាលដោយចលនា៣៣៨នាក់, កុមារបានទទួលថ្នាំបង្ការ៤១៥នាក់, កុមារព្យាបាលធ្មេញ អញ្ចាញធ្មេញ និងក្រអូមមាត់២៧នាក់, កុមារមានផ្ទុកមេរោគអេដស៍ ត្រូវបានទទួលថ្នាំពន្យារ ៥៧នាក់, ជំងឺរបេងកំពុងទទួល ការព្យាបាល៧នាក់, កុមារមានផ្ទុកមេរោគអេដស៍ មកពិគ្រោះជំងឺឱកាសនិយម២៤៦នាក់, ថតឆ្លុះវិភាគដោយកាំរស្មីអិច ១៥១នាក់, ពិនិត្យវិភាគដោយអេកូ ៩១នាក់, ចំនួនតេស្ដបានវិភាគ នៅមន្ទីរពិសោធន៍ មាន១,៩៤២នាក់។

មន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងផងដែរថា ការផ្ដល់អាហារ តាមបែបវេជ្ជសាស្ដ្រដោយ គិតតាមប្រភេទជំងឺ និងតាមក្រុមអាយុកុមារមួយថ្ងៃ ចំនួន៣ពេល ដោយមិនគិតប្រាក់ ដល់កុមារដែល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ជាងនេះទៅទៀត មន្ទីរពេទ្យកុមារជាតិ មានទទួលវះកាត់ កុមារឆែបមាត់ ជើងខ្វេ ពីកំណើតដោយពុំមានបង់ប្រាក់។

ជាមួយគ្នានោះដែរ មន្ទីរពេទ្យកុមារ បញ្ជាក់ថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ទីរពេទ្យកុមារជាតិ បានបញ្ជូនសាស្រ្ដាចារ្យ២រូប និងវេជ្ជបណ្ឌិតមួយរូបឲ្យ ចូលរួមសហការជាមួយនាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យសម្រួល មគ្គុទេសណែនាំគ្លីនិក សម្រាប់មណ្ឌលសុខភាព ក្រោមវត្តមាន លោកសាស្ដ្រាចារ្យ យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល៕