(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះគម្រោងវិនិយោគ នៃការដំឡើងរថយន្ត និងផលិតបំណែករថយន្ត របស់ប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា។ សម្តេច​បានមានប្រសាន៍ថា បើសិនជារោងចក្រនេះ អាចផលិត ឬអាចបង្កើតបាននៅក្នុងប្រទេសកម្ពុជាមែននោះ វាជាជោគជ័យមួយទៀត ក្នុងគោលនយោបាយ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ។

សម្តេច បានមានប្រសាសន៍ទៅកាន់ លោក តាន ហេងឈួ ថាការតម្លើងរថយន្ត ម៉ាក នីសាន់ នៅកម្ពុជានេះ គឺមិនត្រឹមតែបម្រើ ក្នុងការទីផ្សារប្រទេសកម្ពុជានោះទេ គួរណាតែពិនិត្យមើលនៅក្នុងទីផ្សារ តំបន់អាស៊ានទាំងមូលតែម្តងព្រោះថា បច្ចុប្បន្ននេះ យើងបានរួមគ្នាជាសហគមហើយ ដោយមានទីផ្សាររហូតទៅដល់៧០០លាននាក់ ដូច្នេះគប្បីពិចារណាថា ការដាក់រោងចក្រនៅកម្ពុជា គឺបម្រើឲ្យ​ទីផ្សារកម្ពុជាផង និងទីផ្សារអាស៊ានផង ព្រមទាំងទីផ្សារដទៃទៀត នៅលើពិភពលោក។ សម្តេចបានបញ្ជាក់ថា សម្តេចសូមលើកទឹកចិត្ត ឲ្យមានការរៀបចំ ដើម្បីឲ្យមានការដំឡើង​រោងចក្រ​នេះឡើង​នៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ខណៈដែលសម្តេច បានអនុញ្ញាតឲ្យ លោក តាន ហេងឈួ (Tan Heng Cheu) ប្រធានក្រុមហ៊ុន Tan Choung Group ជាក្រុមហ៊ុនដំ​ឡើងរថយន្ត និងផលិតគ្រឿងបំណែករថយន្ត របស់ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាងសម្តេចតេជោ និង លោក តាន ហេងឈួ បានបញ្ចប់ នៅថ្ងៃដដែលនេះ។

 លោក តាន ហេងឈួ លើកឡើងថា ក្រុមហ៊ុនរបស់លោក មានបំណងចង់មកវិនិយោគ នៅប្រទេសកម្ពុជា ហើយក្រុមហ៊ុននេះ ក៏មានប្រវត្តិក្នុងការដំឡើងរថយន្ត រយៈពេល៦០ឆ្នាំមកហើយ ហើយក៏​មានបទពិសោធន៍ ក្នុងការផលិតបំណែករបស់រថយន្ត អស់រយៈពេល៤៥ឆ្នាំមកហើយដែរ។ ហើយសព្វថ្ងៃនេះ គឺមានរោងចក្រ នៅប្រទេសវៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ហើយចង់ឲ្យមានរោង​ចក្រនៅ​កម្ពុជានេះដែរ ដើម្បីធ្វើយ៉ាងណាបម្រើទីផ្សារអាស៊ានទាំងមូល ប្រកបដោយសុខដុមនីយកម្ម៕