(ភ្នំពេញ)៖ ​លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវសុទិដ្ឋិនិយមថា នៅឆ្នាំខាងមុខជនពិការគ្រប់រូប នឹងអាចជិះរថយន្តក្រុងសាធារណៈ ដោយគ្មានឧបសគ្គរារាំងឡើយ ខណៈដែលបច្ចុប្បន្ននេះ រថយន្ដក្រុងសាធារណៈមិនមានជម្រាលសម្រាប់ជនពិការជិះរទះ ឯជនពិការភ្នែកក៏មានការលំបាកព្រោះពុំមានសម្លេងប្រាប់ទីតាំងតាមស្តុបត្រូវឈប់នីមួយៗជាដើម។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុង​ឱកាសដែលលោក ​ចូលរួមវេទិកាសុន្ទនា ស្តីពីការស្វែងរកការគាំទ្រ ដល់ជនពិការ ដើម្បីទទួលបានការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយសាធារណៈ ជាមួយតំណាងស្ថាប័ន អង្គការ និងជនពិការ រៀបចំដោយអង្គការ Handicap International & QUT University នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោក ឯម ច័ន្ទមករា ​អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ប្រាប់អង្គភាព Fresh Newsថា បច្ចុប្បន្ននេះជនពិការនៅមានការលំបាក​ក្នុងការប្រើប្រាស់រថយន្ដក្រុងសាធារណៈ ព្រោះរថយន្តក្រុងដែលកំពុងដំណើរការបច្ចុប្បន្ននេះ​នៅមិនទាន់មានឧបករណ៍ជំនួយ​សម្រាប់ជនពិការគ្រប់ប្រភេទ​អាចប្រើប្រាស់បាននៅឡើយទេ ជាក់ស្តែងដូចជាជម្រាល កន្លែងអង្គុយអាទិភាពសម្រាប់ជនពិការ សម្លេង ឬសញ្ញាបង្ហាញប្រាប់ទិសដៅ កន្លែងដាក់រទេះជនពិការ របៀបលើកដាក់ជនពិការឡើងចុះរថយន្ត កន្លែងរង់ចាំនៅមានការលំបាកសម្រាប់ជនពិការភ្នែក ព្រោះសម្លេងសម្គាល់ការមកដល់របស់រថយន្តជាដើម។

អគ្គលេខាធិការ លោក ឯម ច័ន្ទមករា បានធ្វើការអំពាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមយកចិត្តទុកដាក់ចំពោះជនពិការបន្ថែម ជាពិសេសការផ្តល់សេវាសាធារណៈ​ដល់ជនពិការ។  ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដសកម្មភាពរបស់ខ្លួន ក្នុងការយកចិត្តទុកដាក់ចំពោះជនពិការ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ រថយន្ដក្រុងមិនទាន់ដាក់ស្លាកសញ្ញាសម្គាល់ សម្រាប់កៅអីជនពិការ ស្រ្ដីមានផ្ទៃពោះ សម្រាប់មនុស្សចាស់ជរាឬសម្រាប់កុមារនៅឡើយ ប៉ុន្ដែគេរំពឹងទុកថា បញ្ហាទាំងនេះស្ថាប័នពាក់ព័ន្ធ នឹងធ្វើការកែសម្រួលឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកដែលទទួលសេវា៕