(ភ្នំពេញ​)៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ បន្ត​សវនាការ​​សំណុំរឿង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដែល​ចោទប្រកាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​ បាន​ទិញ​ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព​លើ​បណ្ដាញ​សង្គម​ដ៏​​ពេញ​និយម​មួយ​នេះ​។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក​ អ៉ឹម​ វណ្ណៈ​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សៀង​ សុខ​ ជា​តំណាង​អយ្យការ។

គួរ​រំលឹក​ថា​ ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​ ចុះ​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៦​ លោក​ សោម​ សឿន​ អាយុ​៦៤ឆ្នាំ​ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋ​​មន្ត្រី​ បាន​ប្តឹង​លោក​ សម​ រង្ស៊ី​ អាយុ​៦៧ឆ្នាំ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម​ រង្ស៊ី​ កាលពី​ថ្ងៃទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម​ រង្ស៊ី​ (​Sam Rainsy) ​បាន​បង្ហោះ​អត្ថបទ​ ដែល​មាន​ខ្លឹមសារ​មូលបង្កាច់ខុស​ពី​ការ​ពិត​ ដែល​ចោទ​ប្រកាន់​លោក​ សោម​ សឿន​ ថា​ បាន​ណែនាំ​ដល់​មន្ត្រី​ អ្នក​គាំទ្រ​ និង​បណ្តាញ​ រួម​ទាំង​មន្ត្រី​រាជការ​ស៊ី​វិល​ ប៉ូលិស​និង​ទាហាន​ ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ ក្នុង​គោលបំណង​ផ្តល់​ការ​ Like សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​ការ​អត្ថាធិប្បាយ​ ថា​ Like មួយ​ចំនួន​ធំ​ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​ គឺ​បាន​មក​ពី​ការ​ទិញ​ ឬ​ ជួល​មនុស្ស​ក្រីក្រ​ ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត​ Accounts (គណនី​)​ Facebook ក្លែងក្លាយ​ដើម្បី​ផ្ដល់​ Like សិប្បនិម្មិត​ ក្លែង​បន្លំ​ជូន​សម្ដេច​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​ចាត់​ទុក​ថា​ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ជាតិ​ និង​លោក​ សោម​ សឿន​ យ៉ាង​ធ្ងន់ធ្ងរ​។ លោក​ សោម​ សឿន​ បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ទៅ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​២០លាន​រៀល​៕