(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្មីៗនេះ បានកោះនិមន្តព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះតាមបណ្តឹងរបស់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ដីកានោះមិនទាន់ទៅដល់ព្រះអង្គនៅឡើយទេ ប៉ុន្តែព្រះអង្គទទួលដំណឹងថា នាថ្មីៗនេះ មានសមត្ថកិច្ចបានយកដីកានោះ ទៅដាក់នៅកុដិព្រះអង្គ។ ទោះជាយ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានអះអាងថា ព្រះអង្គនឹងមិនចូលតាមការកោះហៅ ជាលើកទី១នេះឡើយ ហើយព្រះតេជគុណចង់ឱ្យធ្វើតាមច្បាប់វិន័យសង្ឃជាមុនសិន មុននឹងអនុវត្តតាមច្បាប់ណាមួយទៅលើព្រះសង្ឃ។

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ បានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ កាលពីដើមខែកញ្ញា ឆ្នាំ២០១៦ ដោយទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ដោយចោទប្រកាន់ថាបរិហារកេរ្តិ៍។ ក្នុងបណ្តឹងនោះ លោក ម៉ូម សូណង់ ដូ សំណូមពរតុលាការពិចារណាជំរុញឲ្យមានផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។

លោក ម៉ម សូណង់ដូ បានចោទព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាបរិហារថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ​ របស់លោកទៅបង្កើតគណបក្សថ្មីនោះ ដោយសារតែមិនបានធ្វើជាតំណាងរាស្រ្ត៕