(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមសហជីព និង អង្គការសង្គមស៊ីវិលមួយចំនួន បានបើកកិច្ចពិភាក្សាមួយ នៅសណ្ឋាគារអ៊ីមភើរៀ រាជធានីភ្នំពេញ ស្ដីពីការពិនិត្យលើច្បាប់សហជីព ដែលបានដាក់ឱ្យអនុវត្តនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៦ខែកន្លងមកនេះ។

ការពិភាក្សានេះ មានការចូលរួមដោយ លោកស្រី វ៉ាន ហ៊ឺលី នាយកប្រចាំប្រទេសការិយាល័យ នៃឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស, លោក អេឡេន ពែលសេ អ្នកឯកទេសជាន់ខ្ពស់ខាងស្ដង់ដារការងារអន្ដរជាតិ និងច្បាប់ស្ដីពីការងារ របស់អង្គការអន្ដរជាតិខាងការងារ (ILO), លោក សុខ ឡោ អគ្គលេខធិការនៃសហព័ន្ធនិយោជក CAMFEBA តំណាងនិយោជក និងលោក លោកស្រី តំណាងអង្គការពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។

ក្រោយបញ្ចប់ការពិភាក្សានេះ ក្រុមសហជីព នឹងមានសន្និសីទកាសែតមួយ ដើម្បីប្រកាសជំហររួមនៅពេលរសៀល។

សូមបញ្ជាក់ថាច្បាប់ស្ដីពីសហជីព ត្រូវបានចូលជាធរមាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ហើយច្បាប់នេះ មាន១៧ជំពូក និង១០០មាត្រា។

កាលពីអំឡុងពេលអនុម័តច្បាប់នេះ មានបណ្ដាសហជីព និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានតវ៉ា ដើម្បីទាមទារឲ្យរដ្ឋសភាដករបៀបវារៈ ស្ដីពីសេចក្ដីព្រាងច្បាប់សហជីពនេះចេញពីក្នុងអង្គប្រជុំរដ្ឋសភា ដោយពួកគេអះអាងថា សេចក្តីព្រាងច្បាប់ស្ដីពីសហជីព នៅមានចំណុចច្រើន ដែលមិនអាចឲ្យពួកគេទទួលយកបាន។ ប៉ុន្តែទោះជាយ៉ាងណាការតវ៉ានេះ មិនបានរារាំងបានសម្រេចទៅលើ ការអនុម័តច្បាប់សហជីពឡើយ៕