(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជាទទួលបាន ឯករាជ្យភាពពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាទាមទាររបស់កងទ័ព និងប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកម្ម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ។ សម្ដេចព្រះ​នរោត្ដម សីហ​នុ ទ្រង់​បាន​លះបង់​ព្រះ​កាយពល និងព្រះ​បញ្ញាញាណ ធ្វើការ​តស៊ូ ក្នុង​ក្រប​ខណ្ឌ​នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាម ទារ​ឯករាជ្យ​នៅ​កម្ពុជា​ឱ្យ​រួច​ចាក​ផុត​ពី​អាណានិគម​និយម​បារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា  ឆ្នាំ១៩៥៣។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានលើកឡើងបែបនេះ ខណៈលោកបានចូលរួម នៅក្នុងពិធីមីទ្ទិញអបរអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ(ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦) នៅក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ប៉ុល សារឿន បានបន្តឲ្យដឹងថា ដំណាក់កាលដែលបញ្ជាការ និងកងកម្លាំងបារាំង ចាកចេញពីទឹកដីកម្ពុជា ក្នុងឱកាសនោះ គឺជាការចាប់បដិសន្ធិ ពេញលក្ខណៈ នៃកងយោធពលខេមរភូមិន្ទ និងបានបង្កើត អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងអាកាសភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទ។

លោកថា ចាប់ពីឆ្នាំ១៩៥៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ បំពេញភារកិច្ចការពារមាតុភូមិ ប្រកបដោយប្រសិទ្ធភាព​ក្រោមព្រះរាជបញ្ជាផ្ទាល់របស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ុល សារឿន បានបញ្ជាក់ឲ្យដឹងថា ផ្អែកលើមូលដ្ឋាននៃការលះបង់នេះ ទើបកងយោធពលខេមរភូមិន្ទ បច្ចុប្បន្នត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិត្តិយស ជាកម្លាំងស្នូលឈានមុខគេ ក្នុងការអនុវត្ត កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល​ជាកម្លាំងដ៏ស្រួចស្រាវ ដែលធានាបាននូវកិច្ចការពារបូរណភាពទឹកដី អធិបេតយ្យភាព និងបានលើកតម្លើងកិត្យានិភាពរបស់កម្ពុជានៅ លើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងបេសកកម្មសន្តិភាព និងមនុស្សធម៌នៅក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏បានសម្តែងការការអរគុណដល់ គ្រប់ស្ថាប័នជាតិ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានសហការជួយផ្គត់ផ្គង់ ដល់បេសកកម្ម របស់កងយោធពលខេមរភូមិន្ទ និងអរគុណដល់ប្រទេសជាមិត្តលើសកលលោក ដែលបានជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ ដើម្បីសម្រេចបានភារកិច្ចកាលពីពេលកន្លងមក៕