(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវដល់សាធារណជនទូទាំងប្រទេស បន្តចូលរួមចំណែក​ផ្តល់ព័ត៌មាន មកកងរាជអាវុធហត្ថគ្រប់ពេលវេលាជាបន្តទៀត។ លោកថា កិច្ចការងាររបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងការបង្រ្កាប និងចាប់ជនល្មើសបានជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យ ដោយសារ មានការចូលរួមផ្តល់ព័ត៌មាន ពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានទំនុកចិត្តមកលើកងរាជអាវុធហត្ថ។

លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងកិច្ច ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី​ភារកិច្ច​និងការងារកងរាជអាវុធហត្ថ ខែតុលានិងទិសដៅខែវិច្ឆិកា ឆ្នាំ២០១៦  នៅបញ្ជាដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោក វរសេនីយ៍ នាយការិយាល័យ មេបញ្ជាការកងអន្តរាគមន៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី ខេត្តជាច្រើនរូបទៀត។

ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់រួមក្នុងខែតុលា គឺទទួលបានផ្លែផ្កាល្អប្រសើរ។ ការងារដែល ទទួលបានជោគជ័យនាពេលកន្លងមក ក៏ទទួលបានការសហការពង្រឹងការអនុវត្តបទបញ្ជាជាមួយនគរបាលជាតិ ស្ថាប័នពន្ធដារ គយរដ្ឋាការ រដ្ឋបាលព្រៃឈើ អង្គការអភិរក្សសត្វព្រៃ និងអភិរក្សដែន ជីវៈចម្រុះ សាធារណៈការដឹកជញ្ជូន រដ្ឋបាលជលផល ក្រុមចម្រុះ ក្រសួងរ៉ែថាមពល ក្រសួងបរិស្ថានជាដើម។

លោកបន្ថែមឲ្យដឹងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបពីសភាពការណ៍វិវត្តន៍ និង សភាពការណ៍ថ្មីៗដែលកើតមានឡើង យល់ច្បាស់តួនាទីភារកិច្ច បទបញ្ជា ក្រមសីលធម៌ បទវិន័យទូទៅសម្រាប់ កងយោធពលខេមរភូមិន្ទ ព្រមទាំងបានបើក បិទវគ្គហ្វឹកហ្វឺនរៀនសូត្រ បណ្តុះបណ្តាល បំប៉នជំនាញផ្សេងៗជាច្រើនវគ្គផងដែរ។

ក្រោយពីការអានរបាយការណ៍ចប់ ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តសៀមរាប ឡើងធ្វើសេចក្តីរាយការណ៍អំពី ការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបទល្មើសដោយជោគជ័យ នាពេលកន្លងទៅ ដើម្បីទុកជាការដកបទពិសោធន៍ ដល់បណ្តាខេត្តផ្សេងទៀតព្រោះអំពើល្មើសនាពេលបច្ចុប្បន្នមានលក្ខណៈ ប្លែកនិងមានល្បិចកលច្រើន ធ្វើឱ្យការស៊ើបអង្កេតស្រាវជ្រាវរបស់ជំនាញ មានការលំបាក ស្មុគ្រស្មាញយ៉ាងខ្លាំង។ ប៉ុន្តែទោះបីមានភាពស្មុគ្រស្មាញ ជួបការលំបាកយ៉ាងណាក៏ដោយជំនាញកងរាជអាវុធហត្ថ នៅតែខិតខំប្រឹងប្រែង ទាំងថ្ងៃទាំងយប់ធ្វើការ ស្រាវជ្រាវឈានដល់ការបង្ក្រាបបានជាច្រើនករណី៕