(ភ្នំពេញ)៖ ភាពយន្តខ្នាតធំថ្មីមួយទៀត ដែលជាសមិទ្ធផលរួមគ្នា របស់ផលិតកម្ម «មហាហង្ស» និងផលិតកម្ម «ផ្កា៥» ដែលមានលោកស្រី ពាន់ ភួងបុប្ផា ជាម្ចាស់ និងជាអ្នកនិពន្ធ ដឹកនាំសម្ដែងដោយផ្ទាល់ បានដាក់បញ្ចាំង ជាផ្លូវការហើយ នាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Legend TK ទួលគោក ដោយបានធ្វើពិធីបើកសម្ពោធ យ៉ាងអធិកអធ័ម ក្រោមវត្តមានផលិតករ និងតារាល្បីៗជាច្រើនដួង។

ចាងហ្វាងផលិតកម្ម «មហាហង្ស» និងជាផលិតករ លោក អ៉ិន សុភិន បានថ្លែងបញ្ជាក់ថា រឿងនេះជាចំណីអារម្មណ៍ប្លែក សម្រាប់ទស្សនិកជន ដោយសារតែ ជារឿងបែបស៊ើបអង្កេត ភ័យរន្ធត់ និងអាថ៌កំបាំង ដែល​មានភាពទាក់ទាញខ្លាំង ជាងរឿងមុនៗ។ មិនត្រឹមតែប៉ុណ្ណោះ រឿងនេះ​មានការសម្រាំង​ទាំងតារាសម្ដែង ដែលចូលរួមសម្ដែង សុទ្ធ​តែ​តារាល្បីៗ ទាំងសេណារីយូ រឿង ប្លង់ ទាំងបច្ចេកទេស គឺសម្រិតសម្រាំងខ្លាំងមែនទែន និងបានចាយទុនរហូតដល់ខ្ទង់១៥ម៉ឺនដុល្លារ ហើយអាចចាត់ទុកថា ជាបង្អែមដ៏ឈ្ងុយឆ្ងាញ់មួយ សម្រាប់ទស្សនិកជន នៅចុងឆ្នាំនេះ ក្នុងការទស្សនា។

លោក អ៉ិន សុភិន ​សង្កត់ធ្ងន់ថា រឿង «បណ្ដឹងស្រីទាំង៥» នេះ ផលិតកម្ម ផ្កា៥ និង​ មហាហង្ស បានសហការផលិតសម្រិតសម្រាំង យ៉ាងពិសេស ដើម្បីឲ្យរឿងនេះ​មានគុណភាព ប្រចាំ ឆ្នាំ២០១៦នេះ ហើយក្រៅពីដាក់​បញ្ចាំង នៅក្នុងស្រុក ក៏ត្រៀមយកទៅដាក់បញ្ចាំង នៅក្រៅប្រទេសផងដែរ។ លោកក៏សូមថ្លែងអំណរគុណ ដល់តារាសម្ដែងទាំងអស់ ក៏ដូចជាក្រុមការងារ ដែលបានសហការគ្នា រួបរួមគ្នា​ផលិតរឿងនេះ រហូតទទួលបានផ្លែផ្កា ដល់ពេលនេះ ហើយលោក​រំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ នៅពេលដាក់បញ្ចាំង ក្នុងរោងភាពយន្ត។

​យ៉ាងណាមិញ កវីនិពន្ធ អ្នកស្រីពាន់ ភួងបុប្ផា ចាងហ្វាងផលិតកម្ម «ផ្កា៥» បានលើកឡើងថា រឿង «បណ្ដឹងស្រីទាំង​៥» គឺជាភាពយន្តមួយហាក់ស្ថិត​នៅក្នុងក្ដីស្រមៃ របស់លោកស្រីអស់ រយៈពេល២៧ឆ្នាំ​មកហើយ ព្រោះតែការចង់បង្ហាញស្នាដៃ​របស់ខ្លួន ក្នុងនាមជាអ្នកនិពន្ធ ហើយតែងតែ​ចិ​ញ្ចឹមចិត្ត គិតពីរឿង​នេះ​រហូត ប៉ុន្តែឥឡូវបំណងប្រាថ្នា​បានសម្រេច ហើយក៏ធ្វើឲ្យខ្លួនឯង​ មានមោទនភាពខ្លាំងដែរ ដែលក្ដីស្រមៃ ក្លាយជាការពិត​បែបនេះ​។

អ្នកស្រី ពាន់ ភួង​បុប្ផា និយាយថា «នៅក្នុងឆាកជីវិតរបស់ ខ្ញុំរហូតមកទល់ពេលនេះ គឺ២៧ឆ្នាំ​ហើយ ក្នុងអាជីព ជាអ្នកផលិតខ្សែភាពយន្ត។ ដូច្នេះ​ក្នុងរឿង​ "បណ្ដឹងស្រីទាំង៥"​ ជាលទ្ធផលឆ្នាំទី២៧ហើយ​របស់នាងខ្ញុំ ហើយខ្ញុំជឿជាក់ថា បទពិសោធទាំងការសរសេរ ទាំងការដឹកនាំរឿង​របស់​ខ្ញុំ ខ្ញុំគិតថារឿងនេះ ធ្វើឲ្យខ្ញុំមានក្ដីសង្ឃឹម​យ៉ាងខ្លាំង ព្រោះអស់រយៈពេល២ឆ្នាំ ដែលខ្ញុំបានទៅសម្ងំ​សរសេរ នៅសហរដ្ឋ អាមេរិច ហើយបានត្រៀមធ្វើ រយៈពេល៦ខែ​ជាមួយនិងការផលិត រយៈពេល៧​ខែទៀត ទើបមានថ្ងៃនេះ។ ដូច្នេះខ្ញុំជឿថា រឿងនេះជាចំណីអារម្មណ៍ថ្មី នៅក្នុងវិស័យ​ភាពយន្ត សម្រាប់ឆ្នាំ២០១៦នេះ»

អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ថា រឿង «បណ្ដឹងស្រីទាំង៥» បាននាំមកនូវ​ទស្សនីយភាពថ្មីៗ ដ៏ស្រស់ត្រកាលនៃទឹកដី​ប្រទេស​កម្ពុជាហើយ អ្នកស្រីមានជំនឿថា រឿងនេះមិនត្រឹមតែជួយឲ្យភាព​យន្តខ្មែរ រស់រានមានជាថ្មីទេ ថែមទាំងជួយវិស័យទេសចរណ៍ខ្មែរ ឲ្យមានលក្ខណៈទាក់ទាញ ហើយអ្នកដែលបានទស្ស​នា និងបានយល់ពីគោលគំនិត របស់ក្រុមផលិតករ ព្រោះការ ប្រឹងប្រែងទាំងនេះ គឺដើម្បីទឹកដីកម្ពុជា ដើម្បីវប្បធម៌ និងភាពយន្តខ្មែរដែលចេញពីខួរក្បាល និងពីបេះដូងយ៉ាងពិតប្រាកដ។ រឿង​ «បណ្ដឹងស្រីទាំង៥» នឹងចាប់ផ្ដើមដាក់បញ្ចាំង ចាប់ពីថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៦ តទៅ នៅគ្រប់រោងភាពយន្តទំនើប នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប៕