(ភ្នំពេញ)៖ គ្រឿងញៀនពិតជាបំផ្លាញអ្វីៗគ្រប់យ៉ាង បើសិនបានប្រើប្រាស់នោះ ជាក់ស្តែងបុរសម្នាក់ ដែលញៀនថ្នាំខ្លាំងពេក ស្រាប់តែកំពុងបើករថយន្តសុខៗ ក៏ឈប់ហើយរត់ទៅទិញសាំង៤ទៅ៥ដប យកមកចាក់រថយន្ត ហើយដុតចង់បំផ្លាញចោល តែសំណាងល្អ ត្រូវបានកម្លាំងនគរបាលប៉ុស្តិស្រះចក និងប៉ុស្តិវត្តភ្នំ ព្រមទាំងកម្លាំងសន្តិសុខនៅក្បែរកន្លែងកើតហេតុ ជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅត្រង់ចំណុចខាងមុខព្រះសក្សមុនីចេតីយ ស្ថិតនៅមហាវិថី ព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជាមួយគ្នានេះ បើតាមមន្រ្តីនគរបាលខណ្ឌដូនពេញ សម្រាប់បុរសញៀនថ្នាំរូបនេះ ក៏ធ្លាប់មានដីកាចាប់ខ្លួន ដែលចេញដោយតុលាការផងដែរ ពាក់ព័ន្ធនឹងបទល្មើស បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង កាន់កាប់ ឬ ជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត។

មន្រ្តីនគរបាលបានបញ្ជាក់ថា «វេលាម៉ោង០៩:២៥នាទី ព្រឹកមិញ មានករណី ដុតរថយន្តមួយគ្រឿងម៉ាក NISSAN TITAN V8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-7053។​ អ្នកដុតឈ្មោះ សំ ណារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ (ម្ចាស់រថយន្ត)»

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនញៀនថ្នាំ ដែលដុតបំផ្លាញរថយន្តខ្លួនឯងនោះរស់នៅ ខេត្តមណ្ឌលគិរី និងបានមកលេងភ្នំពេញ រយៈពេល៤ទៅ៥ថ្ងៃមកហើយ។ប្រភពព័ត៌មានពីអ្នកដំណើរ ដែលនាំគ្នាឈប់មើលរថយន្ត ខាងលើ បានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក Navara តាមបណ្តោយផ្លូវព្រះមុនីវង្សពីជើង ទៅត្បូងលុះទៅដល់ខាងមុខព្រះសក្សមុនីចេតិយ ស្រាប់តែបើកចូលចំណែកផ្លូវខាងឆ្វេងដៃ ហើយបានឈប់រថយន្តបើកឃ្លប់ ខាងក្រោយយកដបសាំង ដែលច្រកដាក់នឹងដបទឹកសុទ្ធ៤ទៅ៥ដប យកមកចាក់ស្រោចឃ្លប់ខាងក្រោយរួចកេះដែកកេះ ដុតបណ្តាលឲ្យឆេះសន្ធោសន្ធៅ បង្កជាកាភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានប្រញ៉ាប់ មកអន្តរាគមន៍ភ្លាមៗដើម្បីឲ្យក្រុមសន្តិសុខ ធនាគារវឌ្ឍនៈបានយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់អស់ជាច្រើនបំពង់ទើប រលត់ជាស្ថាពរវិញផងដែរ ហើយចំណែកអ្នកបើកបរបង្ក អគ្គីភ័យរូបនោះត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍វត្តភ្នំ ដើម្បីសួរនាំរឿងហេតុផងដែរ៕