(ភ្នំពេញ)៖ លោក Lord Puttnam CBE បេក្ខជនពិសេសនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មសម្រាប់កម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្តូរស្ថានភាព នៅអង់គ្លេសនាពេលបច្ចុប្បន្ន រួមទាំងការចាកចេញពីសហគមន៍អឺរ៉ុបផងដែរ មិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេសឡើយ។ លោកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នៅតែមានទំនាក់ទំនងល្អជាមួយគ្នាជានិច្ច ជាពិសេសទំនាក់ទំនងលើផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ការបញ្ជាក់របស់លោក Lord Puttnam បានធ្វើឡើងក្នុងឱកាសដែលរូបលោកចូលជួបសំណេះសំណាលការងាជាមួយលោកទេសរដ្ឋ មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅទីស្តីការក្រសួងការបរទេសកម្ពុជានាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះ លោក Lord Puttnam បានវាយតម្លៃខ្ពស់ ព្រមទាំងបានកោតសរសើរ ពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើលើទំនាក់ទំនងមិត្តភាព លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង់គ្លេសផងដែរ។

លោក ជុំ សន្ទរី បានបញ្ជាក់ថា ក្នុងកិច្ចសំណេះសំណាលនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការសាទរ និងអរគុណដល់ភាគីអង់គ្លេស ដែលបានជួយដល់កម្ពុជា នាពេលកន្លងមកតាមរយៈជំនួយផ្សេងៗ ព្រមទាំងការជំរុញអ្នកវិនិយោគមកបោះទុនរកស៊ីនៅកម្ពុជា។

លោក Lord Puttnam CBE បានបន្ថែមទៀតថា អង់គ្លេសនៅតែបន្តជួយកម្ពុជាជានិច្ច បើទោះបីជាអង់គ្លេស មានបញ្ហតិចតួចក៏ដោយ ប៉ុន្តែបញ្ហានាពេលបច្ចុប្បន្ននេះ មិនប៉ះពាល់ដល់ទំនាក់ទំនាក់រវាងកម្ពុជា-អង់គ្លេសឡើយ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅតែបង្ហាញជំហររឹងមាំថា កម្ពុជា នៅតែមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអង់គ្លេសលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម។

លោក ប្រាក់ សុខន ក៏បានអរគុណដល់អង់គ្លេស ដែលបានជួយជ្រោមជ្រែងជួយដល់កម្ពុជាក្នុងការកម្ទេចគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តីបញ្ជាក់ថា ព្រោះតែការជួយជ្រោមជ្រែងនេះ បានធ្វើកម្ពុជាអាចបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាមបានកាន់តែច្រើន ហើយក៏បានជួយកាត់បន្ថយអត្រាគ្រោះថ្នាក់របស់ប្រជាពលរដ្ឋខ្មែរ ដែលពីមុនមាន ៤៤០០នាក់ ក្នុង១ឆ្នាំ មកនៅត្រឹម ១០០នាក់ក្នុង ១ឆ្នាំវិញ។

គួរបញ្ជាក់ថា បេក្ខជនពិសេសនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មសម្រាប់កម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាពីសេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា រយៈពេល ៣ឆ្នាំហើយ គឺនៅឆ្នាំ២០១៤, ២០១៥, និងឆ្នាំ២០១៦នេះ៕