(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានហៅការបំផុសព័ត៌មានរឿងអង្ករប្លាស្ទិកតាមបណ្តាញសង្គម Facebook ថា ជាការប្រឌិតរឿង​ក្នុងចេតនាទុច្ចរិតជាន់ពន្លិច​សេដ្ឋកិច្ចរបស់កម្ពុជា ហើយក្រសួងក៏បាន​និងកំពុងសហការជាមួយ​អ្នកពាក់ព័ន្ធ ស្វែងរកជនខិលខូចប្រឌិត​ព័ត៌មានមកផ្តន្ទាទោស​ទៅតាមច្បាប់។

លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងពេលរូបលោក​ដឹកនាំមន្រ្តីកាំកុងត្រូលចុះពិនិត្យ​កន្លែងលក់អង្ករនៅមុខស្ថានីយ​រថភ្លើងនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្នុងដំណើរចុះពិនិត្យអង្ករ​នាព្រឹកមិញនេះ មិនមានរកឃើញអង្ករ​ប្លាស្ទិកនោះលើយ ហើយលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានណែនាំបន្ថែមទៅដល់​ក្រុមអាជីវករឲ្យមានស្មារតី​ទំនួលខុសត្រូវខ្ពស់​ក្នុងការលក់ដូររបស់ខ្លួន ជាពិសេសកុំនាំ​យកអង្ករខូចគុណភាព​មកលក់ដូរដែលនាំឲ្យ​ប៉ះពាល់សុខភាពរបស់អ្នកទិញ។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា កម្ពុជាគ្មានអង្ករប្លាស្ទិក ហើយជនដែលបង្កើតបញ្ហានេះ មានបំណងធ្វើវិទ្ធង្សនា​ដល់ការនាំចេញអង្ករខ្មែរ​ទៅកាន់ទីផ្សារអន្តរជាតិ ដែលកត្តានេះអាចធ្វើឲ្យប៉ះពាល់​ដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ច​របស់កម្ពុជាទាំងមូល។

លោករដ្ឋមន្រ្តីបញ្ជាក់ដូច្នេះ «គេដឹងថា យើងមានអង្ករល្អ អង្ករដែលបានឈ្នះពានរង្វាន់លេខ១ របស់ពិភពលោក​ចំនួនបីឆ្នាំជាប់គ្នា ហើយកំពុងមានតម្រូវការខ្ពស់នៅលើ​ទីផ្សារជាតិ និងអន្តរជាតិ ដូច្នេះទើបគេបង្កើតរឿងនេះឡើង ដើម្បីបំពុល​បរិយាកាស និងទាញទម្លាក់កេរ្តិ៍ឈ្មោះអង្ករ​របស់កម្ពុជា»

លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកប្រភពវីដេអូ ដែលបង្ហោះចែកចាយតាម​បណ្តាញសង្គម និងជនខិលខូច​ដែលប្រឌិត​បញ្ហានេះឡើង ដើម្បីយកមកផ្តន្ទាទោស​តាមច្បាប់។

ឆ្លើយតបនិងការផ្សព្វផ្សាយ​ព័ត៌មាននេះ នៅសប្តាហ៍មុន​សហភាពសហព័ន្ធ​ស្រូវអង្ករកម្ពុជា ក៏បានយកសំណាកអង្ករ​មួយចំនួន ដែលគេ អះអាងថា​ផលិតពីប្លាស្ទិក​ទៅពិសោធន៍ជាមួយក្រសួងសកិកម្ម​ផងដែរ តែជាលទ្ធផល​នៃការពិសោធន៍ គឺមានជាតិប្លាស្ទិក​នៅក្នុងអង្ករ​នោះឡើយ៕