(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រី ក្រសួងកិច្ចការនារី និងបុគ្គលិកមន្ត្រីរាជការនៃក្រសួង ប្រមាណជាង១០០នាក់ នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ​ បានចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ដ ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីបន្ដជួយជីវិតប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែត្រូវការឈាម ដើម្បីសង្គ្រោះជីវិត ដែលប្រារព្ធធ្វើឡើងនៅក្រសួួងកិច្ចការ។

លោកស្រី រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បានថ្លែងថា នេះជាលើកដំបូង ដែលក្រសួងកិច្ចការនារី បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយមានការចូលរួមឧបត្ថម្ភធំ ពីក្រុមហ៊ុនទឹកពិសា វីតាល់ ដើម្បីរៀបចំកម្មវិធីផ្តល់ឈាមសប្បុរសធំ ក្នុងក្រសួង ដោយរំពឹងថា នឹងមានសប្បុរសជន ជាច្រើនចូលរួមបរិច្ចាគឈាម ដើម្បីផ្គត់ផ្គង់កង្វះខាតឈាមទូទាំងប្រទេសកម្ពុជា។

លោកស្រី បានបន្ដថា «នេះជាលើកទី២ ដែលខ្ញុំបានផ្ដល់ឈាម ដើម្បីរួមចំណែកកាន់តែប្រសើរ ក្នុងការចូលរួមជួយស្រោចស្រង់ជីវិតប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែត្រូវការឈាម ដើម្បីសង្គ្រោះជីវិត» ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និង ប្រមូលឈាម សប្បុរសគ្រប់ទីកន្លែងដើម្បីបំពេញបន្ថែមដល់តម្រូវការឈាមជាចាំបាច់ទូទាំងប្រទេស ។

លោកវេជ្ជបណ្ឌិតខៃ សុខហេង  តំណាងលោកហុក គីមចេង ប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងផងដែរថា សម្រាប់៩ខែ ឆ្នាំ២០១៦នេះ តម្រូវការឈាម មានការកើនឡើង សម្រាប់រាជធានីភ្នំពេញ ក្នុងមួយថ្ងៃតម្រូវការ១៥០ប្លោក  និងទូទាំងប្រទេសជិត ២០០ប្លោកឯណោះ ហើយតម្រូវការឈាម នេះវាមានការកើន ដោយសារមន្ទីរពេទ្យ ក៏មានការបង្កើនគ្រែកាន់តែច្រើន និងមានអ្នកជំងឺមកព្យាបាល ទៅតាមជំនាញផ្សេងៗកាន់តែច្រើនដែរ​នៅឆ្នាំបន្តបន្ទាប់ ។

លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់បុគ្គលិក មន្រ្តីរាជការក្រសួងកិច្ចការនារី ដែលតែងតែខ្នះខ្នែង និងស្វាគមន៍ចំពោះយុទ្ធនាការបរិច្ចាគឈាមនេះ និងសូមអំពាវនាវយុវជន គ្រប់រាជធានី-ខេត្ត ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន មេត្តាចូលរួមធ្វើចលនាធ្វើម៉េច ឲ្យមានការលើកទឹកចិត្ត​ក្នុងការបរិច្ចាគឈាម។ ពិសេសក៏សូមអរគុណដល់ ក្រុមហ៊ុនវីតាល់ ដែលបានផ្តល់ទឹកវីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាម និងអ្នកចូលរួមក្នុងកម្មវិធីទាំងអស់៕