(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរៈភូមិន្ទ ប៉ុស្ដិ៍លេខ៥ បានប្រកាសជាផ្លូវការថា ខ្លួនបានទិញសិទ្ធិរឿង «នាងផ្កាយព្រឹក» ដ៏ល្បីកាលពីជាង១០ឆ្នាំមុន ពីប្រទេសថៃ ដើម្បីផលិតថ្មីឡើងវិញ ជារបៀបខ្មែរ មានចំណងជើងថា «ចន្ទវង្វេងមេឃ» ដោយបានធ្វើពិធីក្រុង ពាលីចេញថតជាផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន ផលិតករខ្មែរ-ថៃ និងតារាសម្ដែងល្បីៗ ជាច្រើននាក់។

លោក ភិមូ អ្នកដឹកនាំសម្ដែង​មកពីប្រទេសថៃ បានថ្លែងប្រាប់ឲ្យដឹងថា រឿង «ចន្ទវង្វេងមេឃ» ជាភាពយន្តថតយកលំនាំតាមរឿង «នាងផ្កាយព្រឹក» របស់ថៃ ដែលល្បីល្បាញ កាលពីជាង១០ឆ្នាំមុន មកផលិតសារជារថ្មីឡើងវិញ ដោយមានលក្ខណៈ​ជារបៀបរបបខ្មែរទាំងស្រុង និងមានការបន្ថែមអត្ថន័យខ្លះៗ ធ្វើយ៉ាងណាឲ្យក្លាយជារឿងថ្មី​របស់ខ្មែរ មិនដូចរឿង «នាងផ្កាយព្រឹក» របស់ថៃ​ ទាំងស្រុងនោះទេ។

លោកបន្តថា រឿង«ចន្ទវង្វេងមេឃ» គ្រោងថតចំនួន៤៦ភាគ ដោយប្រើរយៈពេលថត ពី៦ទៅ៨ ខែ ហើយរាល់ការចំណាយ គឺស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជាអ្នកធានារ៉ាប់រង​ទាំងស្រុង ​​ហើយតួសម្ដែងយើងបាន រើសយករួចរាល់ហើយ ក្រោមការបណ្ដុះបណ្ដាល​ ណែនាំបន្ថែមពីអ្នកដឹកនាំ ដោយលោកនឹងដឹកនាំ​សម្ដែងយ៉ាងផ្ចិតផ្ចង់ ឲ្យល្អជាងមុន តាមរយៈ​បទពិ​សោធន៍ ជាច្រើនឆ្នាំ​របស់លោក កន្លងមកនេះ។

ផលិករថៃដដែលរូបនេះ ​បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា បើប្រៀបធៀបជាមួយនឹងការផលិតរឿង របស់ខ្មែរ និងរឿងថៃ គឺខុសដាច់ឆ្ងាយពីគ្នា ​ប៉ុន្តែបើតាមលោកមើល​ឃើញជាក់ស្ដែង អ្នកសិល្បៈរបស់ខ្មែរ គឺមានសមត្ថភាពមិនចាញ់​តារាថៃនោះទេ ហើយនៅពេលមានការ​បណ្ដុះបណ្ដាល បន្ថែមទៀត គឺអាចនឹងកាន់តែល្អជាងនេះ។

លោក ភិមូ បានបន្តថា រឿង​ «ចន្ទវង្វេងមេឃ» នឹងផលិតឡើងយ៉ាងពិសេស មានគុណភាពលើសពីរឿង «នាងផ្កាយព្រឹក» របស់ថៃ ដើម្បីជៀសផុតពីការរិះគន់ ថា ផលិតតាមគេហើយ មិនល្អមើលដូចរឿងដើម។ ជាពិសេសយើងផលិតឡើង គឺតម្រូវតាមទីផ្សារភាពយន្ត នាពេលបច្ចុប្បន្ន និងជាការស្ទាបស្ទង់រវាងសមត្ថភាព របស់តារាសម្ដែងខ្មែរ និងតារាសម្ដែងថៃផងដែរ ព្រោះតែប្រទេសទាំងពីរនេះ បានទម្រង់វប្បធម៌ និងប្រពៃណី ប្រហាក់ប្រហែលគ្នា។

រឿង «ចន្ទវង្វេងមេឃ» មានការចូលរួមមសម្ដែងជាតួឯកស្រី ដោយនាង ព្រះកាយច័ន្ទ និងតួឯកប្រុសសម្ដែងដោយលោក ភិម តារាវិបុល។ ក្រៅពីនេះមានតារាល្បីជាច្រើនទៀតរួមមាន លោក ហេង ដារី , កញ្ញា ញឹម ចាន់ថន ,លោក អៀង ចេនឡា , កញ្ញា ម៉ា នីកា ,លោក លាង ឧត្តម, កញ្ញា ធឿន ស្រីស្រស់, លោក រិទ្ធិ ធានី ,កញ្ញា ផា ណាម៉ុច, លោក ស្រេង ប៉េងលី , កញ្ញា លីលី ,កញ្ញា ស៊ិន រក្សា , កញ្ញា ឆើត ឆាយ, កញ្ញា ដានី និងកញ្ញា នួន គឹមហូរ ព្រមទាំងតារាកិត្តិយស ជាច្រើនទៀត៕