(តាកែវ)៖ ក្នុងឱកាសចុះជួបអតីតយុទ្ធជនជាង៣០០នាក់ នៅក្រុងដូនកែវ ដើម្បីអបអរទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ លោកអភិបាលខេត្ត ឡាយ វណ្ណៈ បានសន្យាថា នឹងស្វះស្វែងរកដីធ្លីជូនគ្រូសារអតីតយុទ្ធជនដែលកំពុងជួបបញ្ហាគ្មានដីធ្លី និងផ្ទះស្នាក់នៅ។

លោក ឡាយ វណ្ណៈ បានឲ្យដឹងថា អាជ្ញាធខេត្តតាកែវកំពុងតែប្រឹងប្រែងស្វែងរកទីតាំងដីធ្លីណាមួយសមរម្យ ហើយនៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធខេត្តតាកែវ និងធ្វើសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំបង្កើតភូមិអតីតយុទ្ធជនសម្ដេចតេជោ នៅក្នុងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់។

លោកអភិបាលខេត្តបានបន្តថា «បន្ទាប់ពីបង្កើតបានភូមិហើយ លោកនឹងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនបន្តទៀត ហើយអាជ្ញាធខេត្តជឿជាក់ថា សម្ដេចតេជោ នាយករដ្ឋមន្រ្តី ពិតជាជួយសាងសង់ផ្ទះដល់គ្រួសារអតីតយុទ្ធជនជាក់ជាពុំខាន ព្រោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូពីការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជានិច្ច»

លោកអភិបាលខេត្ត ឡាយ វណ្ណៈ ក៏បានស្នើសុំគ្រួសារអតីតយុទ្ធជនខងលើ ត្រូវរង់ចាំការដោះស្រាយរបស់អាជ្ញាធខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដោយលោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារកដីឲ្យបានយ៉ាងហោចណាស់ ៥០ហិកតា សម្រាប់សង់ផ្ទះជូនពួកគាត់។

ឆ្លើយតបនឹងសំណើរបស់លោកអភិបាលខេត្ត ឡាយ វណ្ណៈ គ្រួសារអតីតយុទ្ធជន បានទទួលយល់ព្រមរង់ចាំ និងជឿជាក់ថា លោកអភិបាលខេត្តតាកែវ នឹងយកចិត្តទុកដាក់ជួយចេញដោះស្រាយបញ្ហានានា ជូនពួកគាត់៕