(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យកូរ៉េខាងត្បូងទទួលពលករខ្មែរទៅធ្វើការឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។

សំណើនេះបានធ្វើឡើងក្នុងពេលដែលរូបលោក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងរាស្រ្ត កូរ៉េខាងត្បូង។ ថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរប្រមាណ ៧០០នាក់ ក្នុងពិធីជួបជុំ និងអាហារសាមគ្គី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិលើកទី៦៣ នៅទីក្រុងអានសាន ខេត្តឃ្យុងគីដូ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វត្តមានរបស់លោកនៅក្រៅ ប្រទេសមិនត្រឹមតែដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋនោះទេ តែក៏ចង់ដឹងអំពីទុក្ខលំបាក ដើម្បីដោះស្រាយជូនពួកគាត់ផងដែរ។

លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកអំពីជំនួបជាមួយតំំណាងរាស្ត្ររបស់សាធារណរដ្ឋកូរ៉េផងដែរ។ លោកថា ជំនួបនោះ លោកបានស្នើសុំអាជ្ញាធរកូរ៉េខាងត្បូងជួយដល់ពលករខ្មែរ សិស្សនិស្សិតបន្ថែមទៀត ពិសេសគឺការបន្ថែមកូតាពលករសម្រាប់កម្ពុជាថែមទៀត។ លោកបន្តថា ការដែលភាគីកូរ៉េបន្ថែមកូតាដល់ពលករខ្មែរ ដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

លោក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់ពលករខ្មែរនៅកូរ៉េខាងត្បូង ដែលខិតខំប្រឹងប្រែងព្យាយាមធ្វើការបានល្អ មានចរិតស្លូតបូត ដែលធ្វើឲ្យក្រុមហ៊ុនរបស់កូរ៉េចង់បានពលករខ្មែរ ដើម្បីបំពេញការងារជាងជាតិសាសន៍ដទៃ។

ក្នុងពីធីនោះជួបជុំនាចុងសប្តាហ៍កន្លងទៅនេះ ក៏មានការចូលរួមពីឯកអគ្គរាជទូតខ្មែរប្រចាំនៅសាធារណរដ្ឋកូរ៉េ លោកឡុង ឌីម៉ង់, ក្រុមការងារយុវជននៅក្រៅប្រទេស និងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ ដែលជាពលករ សិស្សនិស្សិត ប្រធាននិងតំណាងសមាគមនានា ព្រមទាំងវត្តមានតំណាងរាស្ត្រក្រុងអានសាន, តំណាងក្រុមហ៊ុនធំៗរបស់កូរ៉េចូលរួមទៀតផង។ ពលករខ្មែរដែលចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយបុណ្យឯករាជ្យជាតិលើកទី៦៣ និងពិសារអាហារសាមគ្គីគ្នា មហាគ្រួសារខ្មែរ បានថ្លែងពីក្តីសប្បាយរីរាយនៅពេលមានវត្តមាន របស់លោក ហ៊ុនម៉ាណែត មកសួរសុខទុក្ខនិងបានជួយដល់ប្រជាពលករ សិស្សនិស្សិតនៅសាធារណៈរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េបានបិទបញ្ចប់ហើយ។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកានេះ លោកបានទៅកាន់តំបន់ចំនួន២ នៅខេត្តឃ្យុងគីដូរ ដោយបានជួបជាមួយពលរដ្ឋខ្មែរ ដែលជាពលករ សិស្សនិស្សិត ក៏ដូចជាប្រធានសមាគមខ្មែរនានា ដើម្បីដឹងអំពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរ ពិសេសគឺបានជួបជាមួយ អាជ្ញាធររបស់កូរ៉េ ដែលមានតំណាងរាស្ត្រតាមតំបន់ ក្រុមហ៊ុនឯកជន និងសភាពាណិជ្ជកម្ម ដែលលោកបានស្នើសុំកិច្ចសហប្រតិបត្តិការពីខាងភាគីកូរ៉េ ជួយលើបញ្ហាពលករខ្មែរ។

វត្តមានរបស់លោកហ៊ុនម៉ាណែតទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ គឺត្រូវគេមើលឃើញថា តែងមកជួយសម្រាលនូវការលំបាករបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស, ប្រឹងប្រែងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ពិសេសគឺគៀងគរអ្នក វិនិយោគឲ្យទៅបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍប្រទេស៕