(កំពង់ធំ)៖ ១គ្រួសារ៣នាក់ រួមមានជីតា កូនស្រី និងចៅស្រី កំពុងតែជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដទេសចរណ៍មួយគ្រឿង បុកស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង ៥៖៤០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះជិះគ្នា៣នាក់ បានធ្វើដំណើរឆ្លងកាត់ផ្លូវ ស្រាប់តែពេលកំពុងតែឆ្លងនោះ ក៏មានរថយន្ដ មួយគ្រឿង ​ប្រភេទទេសចរណ៍ ព័ណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-6280 បានបុកចំពីមុខពេញទំហឹង បណ្ដាលជនរងគ្រោះ៣នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ហើយអ្នកបើកបរបានរត់គេចខ្លួនបានស្រមោល។ នគរបាលបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ឆុន ឆោម អាយុ៦៧ឆ្នាំ​ ទី២-ឈ្មោះ ជា ម៉ុន អាយុ២៥ឆ្នាំ​ និងទី៣-ឈ្មោះ ឆេង ណែ អាយុ២ឆ្នាំ សាកសពរស់នៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២ ត្រូវបានយកទៅរក្សាទុក ដោះស្រាយតាមក្រោយ៕