(ភ្នំពេញ)៖ ក្រោយបញ្ជូនចេញពីគ្លីនិកឯកជនយីហោ «ចំរើន» ស្ដ្រីចំណាស់ម្នាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កជារឿងហេតុដ៏សង្វេគ ពេញក្នុងមន្ទីរពេទ្យព្រះកុសមៈ ដោយសារតែការធ្វេសប្រហែសរបស់គ្រូពេទ្យ នៅមន្ទីរពេទ្យឯកជនមួយនេះ។

ហេតុការណ៍ដ៏ស្ងប់ស្ងាត់នេះ បានកើតឡើងនៅយប់ ថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០១៦ ក្នុងមន្ទីរសម្ភពសម្រាកព្យាបាល ចំរើន ទល់មុខមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកស្រី ទឹម ម៉ាលី  ត្រូវជាកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ បានប្រាប់ថា ម្ដាយរបស់គាត់មានឈ្មោះ សៅ សាលឹម អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្នោត ឃុំពោមអម ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

លោកស្រី ទឹម ម៉ាលី បានបន្តថា មុនពេលកើតហេតុ ម្ដាយរបស់លោកស្រីមានអាការៈឈឺពោះ ក៏ចូលទៅព្យាបាលនៅគ្លីនិកឯកជនមួយ នៅម្ដុំផ្សារបឹងឈូក ដោយគ្រូពេទ្យនៅទីនោះ បាននាំម្ដាយលោកស្រីទៅឆ្លុះអេកូ និងមើលឃើញថា នៅក្នុងពោះម្ដាយលោកស្រីមានដុះដំគីសទឹក ហើយគ្រូពេទ្យក្នុងគ្លីនិកនោះ បានណែនាំឲ្យលោកស្រីប្រញាប់នាំម្ដាយទៅវះកាត់ឲ្យបានទាន់ពេលវេលា ព្រោះមិនអាចទុកយូរបានឡើយ តែគ្រូពេទ្យបានបញ្ជាក់ថា អាការៈនេះមិនធ្ងន់ធ្ងរនោះទេ គ្រាន់តែវះចេញតែបន្តិចប៉ុណ្ណោះ។

លោកស្រី ទឹម ម៉ាលី បានបន្ថែមថា គ្រូពេទ្យបានប្រាប់លោកស្រី ឲ្យយកម្ដាយរបស់លោកស្រីទៅវះកាត់ នៅគ្លីនិកមួយជារបស់មិត្តភក្ដិគាត់ ហើយបានតថ្លៃវះកាត់ ដោយព្រមព្រៀងចំនួន ៤៥០ដុល្លារ លោកស្រីក៏បញ្ជូនម្ដាយទៅកាន់ «មន្ទីរសម្ភពសម្រាកព្យាបាល ចំរើន» មានទីតាំងស្ថិតនៅមុខមន្ទីរពេទ្យព្រះកុសមៈ។

ពេលមកដល់គ្លីនិកឯកជន ចំរើន គ្រូពេទ្យនៅទីនោះ បានដាក់សឺរូមឲ្យម្ដាយគាត់ ១ប្លោក ថែមទាំងចាក់ថ្នាំ១ម្ជុលទៀត ទើបព្រមព្រៀងផ្ដិតមេដៃថា ព្រមវះកាត់នៅពេលថ្ងៃស្អែក តែនៅចាំលទ្ធផលធ្វើតេស្ដឈាមចេញសិន។

បើតាមលោកស្រី ទឹម ម៉ាលី បានប្រាប់ថា តាំងពីពេលចូលក្នុងគ្លីនិករហូតមក មិនមានឃើញគ្រូពេទ្យណាម្នាក់មកសួរនាំ ម្ដាយរបស់លោកស្រីឡើយ លុះជិតដល់ម៉ោង៩យប់ ម្ដាយរបស់លោកស្រីស្រាប់តែឈឺពោះម្ដងទៀត ទើបលោកស្រីរត់ទៅហៅគ្រូពេទ្យដែលនៅប្រចាំការ តែពេលគ្រូពេទ្យមកដល់ ក៏ឲ្យម្ដាយលោកស្រីលេបថ្នាំចំនួន ២គ្រាប់ និងចាក់ថ្នាំ១ម្ជុលទៀត តែម្ដាយលោកស្រីនៅតែឈឺពោះខ្លាំងដដែល ព្រមទាំងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់ត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ស្រាប់តែពេលទៅដល់ គ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសមៈ បានប្រាប់លោកស្រីថា ម្ដាយរបស់លោកស្រីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍ដ៏ក្ដៅគគុកនេះ នៅមិនទាន់មានប្រតិកម្ម​ ពីក្រសួង-ស្ថាប័នណាមួយនៅឡើយទេ។

សាច់ញាតិស្រ្តីរងគ្រោះ បានអំពាវនាវដល់លោករដ្ឋមន្រ្តី បានព្រមានចាត់វិធានការក្ដៅ ចំពោះគ្រូវពេទ្យ នៃគ្លីនិកមួយនេះផងដែរ៕