(ភ្នំពេញ)៖​ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថា​ហាក់មានភាពល្អូកល្អិន ស្និតស្នាល រាក់ទាក់ជាមួយ​នឹងអ្នកតំណាងរាស្ត្រ រួមនិង​មន្ត្រីជាន់​ខ្ពស់មួយចំនួនទៀត​របស់គណបក្សសង្គ្រោះជាតិ​ជាសាធារណៈនៅក្នុងឱកាស​ចូលរួមបុណ្យឯករាជ្យជាតិ​ នៅឯវិមានឯករាជ្យ​នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ខណៈឈររង់ចាំទទួលស្វាគមន៏​ដំណើរយាងមកដល់​របស់ព្រះមហាក្សត្រ គេបានឃើញ​សម្ដេចតេជោហ៊ុន សែន និងអ្នកតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់របស់​គណបក្សសង្គ្រោះជាតិ​មួយចំនួនទៀត​ដែលក្នុងនោះរួម​មាន លោកអេង ឆៃអ៊ាង លោកយ៉ែម បុញ្ញឬទ្ធិ...ជាដើម បានឈរជជែក​និយាយរកគ្នា​ក្នុងភាពស្និតស្នាល ល្អូកល្អិន រាក់ទាក់ ដោយមានញញឹម​ដាក់គ្នាផងដែរ។

គេមិនបានដឹងថាថា្នក់ដឹកនាំ​ជាន់ខ្ពស់របស់​រាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់​របស់គណបក្សសង្គ្រោះជាតិ ពិភាក្សាគ្នារឿងអ្វីនោះទេ ដោយគេគ្រាន់តែមើលឃើញពី​ចំងាយថា​ពួកគាត់ពិភាក្សាគ្នា​ក្នុងរូបភាពស្និតស្នាលតែប៉ុណ្ណោះ តែមតិភាគច្រើន​បានអះអាងថា អ្នកនយោបាយ តែពេលជួបគ្នា ទោះក្រៅផ្លូវការក៏ដោយ ក៏ជៀសមិនផុតពី​ការលើកយកប្រធានបទ​នយោបាយមក​ជជែកគ្នានោះដែរ។

ក្រុមអ្នកវិភាគដែលមើលឃើញទិដ្ឋភាព និងសកម្មភាពនេះបានលើកឡើងថា ខណៈលោកសម រង្សុី ជាមេ បក្សប្រឆាំងកំពុងប្រកាន់ជំហរ​អរិភាពជាមួយនិង​គណបក្សកាន់អំណាច បែរជាកូនចៅ​របស់គាត់នាំគ្នាបង្ហាញភាព ស្និតស្នាល​ជាមួយមេបក្សកាន់អំណាច​ទៅវិញ តើនេះវាអាចបង្ហាញ​អោយឃើញពី​ភាពមិនចុះសំរុងគ្នា​នៅក្នុងជួរក្បាលម៉ាសុីន​ របស់គណបក្សដែរឬអត់?៕