(ភ្នំពេញ)៖ មុនលទ្ធផលបោះឆ្នោតត្រូវបានប្រកាស, លោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College នាទីក្រុងឡូសអែនជើឡេស សហរដ្ឋអាមេរិក ក៏ធ្លាប់បានហៅ លោក ដូណាល់ ត្រាំ ថាជាជនអវិជ្ជា និងផ្តាច់ការដែរ ប៉ុន្តែទីបំផុតលទ្ធផលបោះឆ្នោត ថ្ងៃនេះបានបង្ហាញថា បុរសដែលសាស្រ្តាចារ្យរូបនោះហៅថា «ជនផ្តាច់ការ»នោះ ត្រូវបានគាំទ្រដោយប្រជាជនភាគច្រើន នៅសហរដ្ឋអាមេរិក ឱ្យធ្វើជា ប្រធានាធិបតីទៅវិញ។

បើសិនជា ដូណាល់ ត្រាំ ជាជនផ្តាច់ការដូចការហៅរបស់ លោក អៀ សុផល មែននោះ សហរដ្ឋអាមេរិកក៏នឹងក្លាយជាប្រទេសដែលគេហៅថា ផ្តាច់ការដែរ ដូច្នេះតើ លោក អៀ សុផល ដែលតាំងខ្លួនជាជនប្រជាធិបតេយ្យ ហើយដើរចោទគេឯងថាជា «ជនផ្តាច់ការ» នោះ គួរបន្តរស់នៅលើទឹកដី សហរដ្ឋអាមេរិកទៀត ឬយ៉ាងណា ដោយសារតែពេលនេះ បុរសម្នាក់ដែលលោកហៅថា «ជនផ្តាច់ការ» កំពុងត្រូវបានគាំទ្រឱ្យដឹកនាំ សហរដ្ឋអាមេរិកទាំងមូលទៅហើយ។

មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពីនិន្នាការយ៉ាងច្បាស់ថា អត្តធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការសូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ចទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»។

ទោះជាមានការរិះគន់បែបនេះក៏ដោយ លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបាន ២៧៦សំឡេងក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ។ លោក Trump មានអ្នកបោះឆ្នោតគាំទ្រប្រមាណ ជាង៦០លាននាក់ ដែលលើសចំនួនអ្នកគាំទ្រ លោកស្រី ហ៊ីលឡារី ជាង១លាននាក់។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ៕