(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសអបអរសាទរដល់ជ័យជំនះរបស់ លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ខណៈដែល លោក សម រង្ស៊ី ធ្លាប់បានហៅ លោក ដូណាល់ ត្រាំ ថាជាជនផ្តាច់ការ។

ការប្រកាសគាំទ្រ និង អបអរសាទរដល់ជ័យជំនះលោក ដូណាល់ ត្រាំ របស់ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងភ្លាមៗបន្ទាប់ពី លទ្ធផលបោះឆ្នោតជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានប្រកាសថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបានសន្លឹកឆ្នោតមិនតិចជាង ៣០០ ក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ។

លោក កឹម សុខា បានសរសេរ នៅលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិក ដែលឈ្នះទាំងក្នុងរដ្ឋសភា ទាំងក្នុងព្រឹទ្ធសភា ជាពិសេសជ័យជំនះរបស់លោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ស.រ.អា ទី ៤៥ នេះ»

លោកបានបន្ថែមថា «មុននេះបន្តិចលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យបានប្រកាសទទួល ស្គាល់ជ័យជំនះរបស់ លោកត្រាំ ហើយ។ ខ្ញុំជឿជាក់ថា គោលនយោបាយរបស់គណបក្សសាធារណរដ្ឋ ដែលអោយតម្លៃទៅលើសិទ្ធិ សេរីភាពរបស់មនុស្ស ជាពិសេសដែលខ្ញុំផ្ទាល់ធ្លាប់បានទទួលនូវកិច្ចសហប្រតិបត្តិការ តាំងពីខ្ញុំនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារហូតមកនោះ ប្រាកដជានឹងបន្តឲ្យកាន់តែកក់ក្តៅ និងរឹងមាំថែមទៀតជាមិនខានសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពនៅប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ»

សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើក ឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ៕