(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលឆ្នោតបានប្រកាសថា លោក ដូណាល់ ត្រាំ ឈ្នះនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់សំខាន់ៗជាច្រើននាក់ នៅក្នុងគណបក្សសង្រ្គោះជាតិ ជាពិសេសមន្រ្តីជាន់ខ្ពស់កូតា លោក កឹម សុខា បានសម្តែងការអន់ចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលបានហៅថា លោក ដូណាល់ ត្រាំ ជាជនផ្តាច់ការ ព្រោះបានធ្វើឲ្យកិច្ចការនយោបាយបរទេសរបស់គណបក្សសង្គ្រោះជាតិ បាននឹងកំពុងបាក់ចន្ទល់ដូចទឹកបាក់ទំនប់ ខណៈបុរសដែលលោក សម រង្ស៊ី ហៅថា «ជនផ្តាច់ការ» បានក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក !

មន្រ្តីជាន់ខ្ពស់នៅក្នុងគណបក្សសង្រ្គោះជាតិមួយរូប សុំមិនបញ្ចេញឈ្មោះតែជាមនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានលើកឡើងថា កិច្ចការនយោបាយ ការបរទេសរបស់គណបក្ស ត្រូវជួបហានិភ័យធំៗ, សហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យបំផុតនៅលើលោក បែរជាត្រូវបានលោក សម រង្ស៊ី ថា ប្រធានាធិបតីនៃ ប្រទេសនេះជាជនផ្តាច់ការ ធ្វើឲ្យប្រទេសមហាអំណាចដែលជាខ្នងបង្អែកដ៏ធំ និងរឹងមាំបំផុតរបស់គណបក្សសង្គ្រោះជាតិ ប៉ះទង្គិចធ្ងន់ធ្ងរបំផុត ព្រោះតែការនិយាយខ្វះការ ពិចារណាគ្រប់ជ្រុងជ្រោយ។

មន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំងដដែលរូបនោះ បានអះអាងថា លោកស្រី មូរ សុខហួរ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី មានផែនការគ្រោងនឹង ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមអបអរសាទរ ចំពោះលោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែនៅពេលនេះបែរជាខកចិត្តយ៉ាងខ្លាំង ចំពោះជ័យជំនះនេះបានធ្លាក់ទៅលើលោក ដូណាល់ ត្រាំ ទៅវិញ។

គេនៅចាំបានថា មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហាញការគាំទ្រនិងចង់ឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការបក្ស ក៏បានចេញមកបង្ហាញទស្សនៈ និងជំហររបស់ខ្លួនជុំវិញការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកផងដែរ។

ដោយលោក កឹម សុខា បានបញ្ជាក់ថា ទោះបីជាបេក្ខជនណាក៏ដោយ ជាប់ឆ្នោតជាប្រធាធិបតី នៃប្រទេសមហាអំណាចមួយនេះ ក្នុងនាមស្ថាប័នរដ្ឋ ក៏ដូចជាក្នុងនាម គណបក្សនយោបាយ នៅតែបន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរយើង។

ការលើកឡើងរបស់លោក កឹម សុខា ត្រូវបានគេមើលឃើញថា ផ្ទុយស្រឡះពីការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានចោទប្រកាន់លោកថា បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាជនផ្តាច់ការ។

តើការលើកឡើងផ្ទុយស្រឡះពីគ្នាបែបនេះរបស់មេដឹកនាំកំពូលៗរបស់គណបក្សប្រឆាំងនេះ យ៉ាងណាដែរ ? ដោយម្នាក់គាំទ្រ ម្នាក់ថា ជនផ្តាច់ការ ហើយនៅពេលនេះជនដែលត្រូវបានលោក សម រង្ស៊ី ថា ជនផ្តាច់ការនោះ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ចំណុចនេះគេមើលឃើញយ៉ាងច្បាស់ថា មេដឹកនាំកំពូលរបស់បក្សប្រឆាំងទាំងពីរ មានទស្សនៈផ្ទុយគ្នា៕