(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង បានអញ្ជើញចុះពិនិត្យសកម្មភាព រៀបចំមណ្ឌលស្នាក់នៅកីឡាករអុំទូក មានទីតាំងនៅខណ្ឌជ្រោយចង្វារ។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរនឹងរៀបចំទទួលការស្នាក់ នៅរបស់កីឡាករអុំទូក ចំនួន ១៧,០០០នាក់ និងទូកចូលរួមសរុប២៥៦ទូក។

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំមណ្ឌលស្នាក់នៅដូចខាងក្រោមៈ រៀបចំការស្នាក់នៅចំនួន ៥មណ្ឌល, សាងសង់រោងចំនួន១៥០រោង, សាងសង់បង្គន់ចំនួន ២០០បង្គន់, សាងសង់បន្ទប់ងូតទឹករួម ចំនួន៣៤កន្លែង, រៀបចំកន្លែងដាំបាយចំនួន៣៦កន្លែង, ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ និងក្នុងរោងស្នាក់នៅ, ផ្គត់ផ្គង់ទឹកស្អាត ដោយតបណ្តាញបំពង់រដ្ឋាករទឹកប្រវែង៤គ.ម, រៀបចំដេប៉ូនិងប្រមូលសំរាម, សាងសង់រោងគណៈកម្មាការស្នាក់នៅ, ស្នាក់ការគិលានសង្គ្រោះបន្ទាន់ និងរៀបចំប្រគុំតន្ត្រីចំនួន២កន្លែង សម្តែងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងអាជ្ញាធរជាតិប្រឆាំងជម្ងឺអេដស៍៕