(កណ្តាល)៖ ក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកម្មករ និងយោជិតនៅកម្ពុជា, នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បាននាំយកប័ណ្ណបើកបរ ចែកជូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅក្រុមហ៊ុន 7NG ចំនួន ៧២ប័ណ្ណ (ប្រភេទ "ខ" និង "ឃ")។

នេះជាលើកទី១៥ហើយ ដែលក្រុមការងារសុវត្ថិភាពចរាចរណ៍​ សម្រាប់គាំពារកម្មករនិយោជិត បានបណ្តុះបណ្តាល និងប្រឡងយកប័ណ្ណបើករបរ ជូនអ្នកបើកបរដឹកកម្មករ នៅក្នុងក្រុមហ៊ុន 7NG សរុបទាំងអស់មាន ១,១៧៨ប័ណ្ណ។

លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ ប.ស.ស បានណែនាំជូនអ្នកបើកបរដឹកកម្មករ-និយោជិតទាំងអស់ ប្រើប្រាស់យានយន្តដឹកអ្នកដំណើរប្រភេទតួរីស ឬបឺស ដែលមានសុវត្ថិភាពជាងយាន្តដទៃទៀត, ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវស្របតាមប្រភេទយានយន្ត ហើយចំពោះការដឹកកម្មករកម្មការិនីតាមរថយន្ត ត្រូវអនុវត្តវិធានការសុវត្ថិភាពដូចជា៖ រៀបចំកៅអីអង្គុយឱ្យបានត្រឹមត្រូវហាមមិនឱ្យឈរដាច់ខាត, ត្រូវមានរនាំងដែកបាំងជុំវិញ មិនត្រូវឱ្យដាក់ដៃចេញក្រៅ, ហាមផ្ទុកលើសចំណុះ, ត្រូវធានាលក្ខណៈបច្ចេកទេសយានយន្តឱ្យមានសុវត្ថិភាពជាដើម។

លោកថា អ្នកបើកបរ ត្រូវបើកបរគោរពច្បាប់គ្រប់ពេល គ្រប់ទីកន្លែង ពិសេសត្រូវបើកបរគោរពល្បឿនកំណត់ គោរពសញ្ញាចរាចរណ៍ សិទ្ធិអាទិភាព ប្រកាន់ស្តាំ ធានាសុវត្ថិភាពក្នុងការជែង ការបត់ ការឈប់ និងចត ហាមដាច់ខាតផឹកគ្រឿងស្រវឹងពេលបើកបរ និងនៅតាមគោលដៅរោងចក្រ សហគ្រាស អ្នកបើកបយានយន្តដឹកកម្មករ កម្មការិនីត្រូវឈប់ ឬចតធានាឱ្យមានសណ្តាបធ្នាប់ និងមិនមានការកកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ ប្រធានការិយាល័យគោលនយោបាយ ប.ស.ស ក៏បានអំពាវនាវឱ្យអ្នកបើកបរដឹកកម្មករទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រមទាំងស្នើសុំឱ្យអ្នកបើកបរដឹកកម្មករ ជួយជំរុញបងប្អូនកម្មករ-កម្មការិនីទាំងអស់ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា នៅតាមមូលដ្ឋានភូមិ ឃុំដែលខ្លួនកំពុងរស់នៅ៕