(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំបែងចែកភារកិច្ច នៅក្នុងពិធីសំពះព្រះខែ និងអកអំបុក ចែកជូនទៅដល់អភិបាលខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់។ សាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា អភិបាលខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា រៀបចំតាមការកំណត់បែងចែកភារកិច្ចរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន។

ស្ថាប័ន និងមន្ទីរ ដែលមានភារកិច្ចរៀបចំចាត់ចែងក្នុងកម្មវិធីសំពះព្រះខែ និងអកអំបុក រួមមាន៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, សាលាខណ្ឌទាំង១២, មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរសាធារណការ និងដឹកជញ្ចូន និងក្រុមហ៊ុន ស៊ីនទ្រី, មន្ទីរធម្មការ និងសាសនា, មន្ទីរព័ត៌មាន, និងចុងក្រោយរដ្ឋបាលរាជធានីភ្នំពេញ។

សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ពិធី សំពះព្រះខែ និងអកអំបុក នឹងរៀបចំធ្វើនៅនៅរមណីយដ្ឋានវត្តភ្នំ នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ក្រោមអធិបតីភាព លោក ប៉ា​ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ស្តីពីការចាត់ចែងការងារដូចមានខ្លឹមសារ ទាំងស្រុងខាងក្រោមនេះ៖