(ភ្នំពេញ​)៖​ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ បើក​សវនាការ​សំណុំ​រឿង​គប់គ្រាប់បែក​សម្លាប់មួយគ្រួសារ​ នៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​កុមារា​ម្នាក់​អាយុ១១ឆ្នាំ​ស្លាប់និង៥នាក់​រងរបួស​ធ្ងន់​ស្រាល​ ដែល​មាន​ចៅសង្កាត់​គោករកា​ជា​មេខ្លោង​។​ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល​ សាលាឧទ្ធរណ៍​បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​វិញ​។

សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមជនល្មើស៤នាក់ ដាក់ពន្ធនាគារចន្លោះពី៣០ឆ្នាំដល់មួយជីវិត ក្នុងសំណុំរឿងគប់គ្រាប់បែក​សម្លាប់មួយគ្រួសារ​ នៅ​ភូមិ​សែន​សុខ​ទី​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​កុមារា​ម្នាក់​អាយុ១១ឆ្នាំ​ស្លាប់និង៥នាក់​រងរបួស​ធ្ងន់​ស្រាល ។

តុលាការ​ បានផ្តន្ទាទោសឈ្មោះ ភី ណុប អាយុ៤៦ឆ្នាំ ជាអតីតចៅសង្កាត់គោករកា និង ឈ្មោះ នួន សំរិទ្ឋ ហៅ ម៉ាប់ អាយុ២៧ឆ្នាំ ជាជនដៃដល់ ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត ពីបទឃាតកម្មគិត ទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

ផ្តន្ទាទោសឈ្មោះ ពៅ ប៊ុនធឿន អាយុ២៣ឆ្នាំ ជាអតីតប្រធានសហគមន៍អណ្តូង៦ និងឈ្មោះ អេង ដាលីន ជាអ្នកសមគំនិត ដាក់ពន្ធនាគារម្នាក់ៗ៣០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន តាមមាត្រា២៩និង២០០ នៃក្រមព្រហ្មទណ្ឌ។ ក្រុមជនជាប់ចោទត្រូវសងសំណងជម្ងឺចិត្តដល់ ក្រុមគ្រួសារជនរងគ្រោះរាប់លានរៀល ផងដែរ ។

មន្ដ្រីនគរបាល​មូលដ្ឋានខណ្ឌ​សែន​សុខ បាន​បង្ហើប​ថា មូលហេតុដែល​ចៅសង្កាត់​គោក​រកា បាន​​ជួល​​ឃាតករ គប់​គ្រាប់បែក​ប៉ង​សម្លាប់​មួយ​គ្រួសារ​នោះ ដោយសារតែ​លោក ភី ណុប ច្រណែននិង​ជនរងគ្រោះ ដែល​គ្រោង​ឈរឈ្មោះ ជា​ចៅសង្កាត់ ហើយ​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​ការរកស៊ី​ក្នុង​មុខ​ជំនួញ​ដីធ្លី​ផង​ដែរ។ ​ប៉ូលិស​បន្តថា ចៅសង្កាត់​គោក​រកា លោក ភី ណុប បាន​សន្យាថា នឹង​ឲ្យ​លុយ​ឃាតករ ចំនួន ១ម៉ឺន​ដុល្លារ បើ​ធ្វើ​កិច្ចការ​នេះ បានសម្រេច​។ ប៉ុន្ដែ​ពេលធ្វើ​សកម្មភាព មិន​ចំ​គោលដៅ ហើយ​ជនរងគ្រោះ មិន​ស្លាប់​នោះ មេខ្លោង​បាន​ត្រឹម​ផ្ដល់​លុយចំនួន៥០០០ដុល្លារ​ប៉ុណ្ណោះ​៕