(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានណែនាំឲ្យមន្រ្តីក្រោមឱវាទ ប្រញាប់ប្រញាល់រៀបចំ​ក្រុមការងារមួយ ដើម្បីត្រៀមចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារប៊ូឌីញ​ «ស» ក្នុងពេលឆាប់ៗខាងមុខ។

ក្នុងកិច្ចប្រជុំជាមួយ គណៈកម្មការរៀបចំគម្រោងអគារប៊ូឌីញ​ «ស» នាទីស្ដីការក្រសួងរៀបចំដែនដី​ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវពន្លឿនការរៀបចំសេចក្តីព្រាង​ស្រង់ស្ថិតិប្រជាពលរដ្ឋមួយ និងក្រុមការងារពាក់ព័ន្ធ ឲ្យបានឆាប់ ដើម្បីត្រៀមចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងអាគារដ៏ឌ្រុធឌ្រោមមួយនេះ។

លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការចុះស្រង់ស្ថិតិប្រជាពលរដ្ឋ​ទាំងអស់នោះ លោកនឹងចុះដឹកនាំដោយផ្ទាល់ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីរិះរកដំណោះស្រាយ និងពន្លឿនការដោះស្រាយ​បញ្ហា ជូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ មិនឲ្យមានចន្លោះណាម្នាក់ឡើយ​។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា  បានជួបពិភាក្សាជាមួយតំណាងអាជ្ញាធរ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងតំណាងប្រជាពលរដ្ឋទាំង ៥៥៤គ្រួសារ ជុំវិញគម្រោង​អភិវឌ្ឍន៍អគារប៊ូឌីញ «ស» តែមិនទាន់មានលទ្ធផលល្អ សម្រាប់ឲ្យភាគីពាក់ព័ន្ធទទួលយកបាននៅឡើយ ហើយគ្រោងលើក​យកទៅពិភាក្សា​បន្ត ​នៅក្រោយព្រះរាជពិធី​​បុណ្យអុំទូក ខណៈពលរដ្ឋភាគច្រើន​ចង់បានលុយសំណង យកទៅទិញផ្ទះថ្មី មិនចង់រង់ចាំ​​រស់នៅក្នុង​អគារប៊ូឌីញ ដែលធ្វើថ្មីនោះឡើយ៕