(ភ្នំពេញ)៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV លើកទី៩ នៅក្នុងខេត្តសៀមរាបអង្គរ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ កម្ពុជានឹងទទួលដំណើរនាយករដ្ឋមន្រ្តីឡាវ និងវៀតណាម រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ និងវៀតណាមជាច្រើនរូបផ្សេងទៀត។

ដើម្បីឲ្យប្រាកដថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជាន់ខ្ពស់មកពីបណ្តាក្រសួងពាក់ព័ន្ធសរុប ៦០រូប ពិភាក្សាគ្នាពីការរៀបចំកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម ក្នុងនាមជាម្ចាស់ផ្ទះ។

កិច្ចប្រជុំពិនិត្យមើលពីការរៀបចំលក្ខណៈសម្បត្តិរបស់អនុគណៈកម្មការទាំង៥ ដែលរួមមាន៖ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល, អនុគណៈកម្មការពិធីការ ដឹកជញ្ជូន និងសិល្បៈ, អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ, អនុគណៈកម្មការឯកសារ, និងអនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារចុងក្រោយរបស់ខ្លួន និងបានស្នើសុំអនុសាសន៍បន្ថែម ព្រមទាំងវិធានការចាំបាច់ពីអង្គប្រជុំ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ សំដៅធានាធ្វើឲ្យដំណើរការរៀបចំកិច្ចប្រជុំកំពូល CLV ខាងមុខ ទទួលបានជោគជ័យ ទៅតាមផែនការដែលបានរំពឹងទុក។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់អនុគណៈកម្មការនីមួយៗ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាក់លាក់មួយចំនួន ជូនដល់អនុគណៈកម្មការទាំង៥ និងបានលើកទឹកចិត្តដល់ប្រធានអនុគណៈកម្មការនីមួយៗ ឲ្យបន្តពិភាក្សា និងដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យចប់សព្វគ្រប់មុនការមកដល់នៃកិច្ចប្រជុំកំពូល CLV។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំ CLV គឺជាកិច្ចប្រជុំដ៏សំខាន់ ដែលអាចនាំមកនូវកិត្តិយស និងអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាជន ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនៃខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ និងវៀតណាម។

គួររំលឹកដែរថា កិច្ចប្រជុំកំពូល CLV ត្រូវបានរៀបចំលើកដំបូងនៅក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលមានការចូលរួមពីប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កិច្ចប្រជុំនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលប្រាថ្នាផ្សាភ្ជាប់ការអភិវឌ្ឍរវាងខេត្តដាច់ស្រយាល នៃប្រទេសកម្ពុជាដូចជា ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង ក្រចេះ ជាមួយខេត្តរបស់ឡាវ និងវៀតណាម ឲ្យក្លាយទៅជាតំបន់ត្រីកោណសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការទាក់ទាញវិនិយោគ និងជំនួយពីប្រទេស និងដៃគូអភិវឌ្ឍន៍នានា។ ជាពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរួមចំណែកលើកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តទាំងអស់នេះ៕