(កំពង់ធំ)៖ កម្លាំងនគរបាលស្រុកប្រាសាទបល្ល័ង្ក បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តាមបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីលួចម៉ូតូ នៅតំបន់អណ្ដូងតាមែង ស្ថិតក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ខេង សុខ អាយុ៥៧ឆ្នាំ និងជាម្ចាស់ម៉ូតូ ម៉ាកHonda Dream C125 ឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1BV-8990។

នគរបាលដដែល បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ​ ហេង យឿន អាយុ៣០ឆ្នាំ​ ទី២៖ ឈ្មោះ វី ហ៊ អាយុ២០ឆ្នាំ ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ និងសម្ភារៈមួយចំនួនទៀតផងដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងចាត់ការបន្ដ រីឯម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ៕​