(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានស្នើកុំឱ្យអង្គការសង្គមស៊ីវិលនានាធ្វើការបកស្រាយ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ផ្ទុយពីបទដ្ឋានបច្ចេកទេស ជុំវិញការនាំចេញខ្សាច់របស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងរ៉ែ និងថាមពល បើកកិច្ចប្រជុំមួយជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សានិងស្រាយចម្ងល់ជុំវិញការនាំចេញខ្សាច់ ទៅបរទេស ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីកិច្ចប្រជុំនេះ បានសរសេរថា «ក្រសួងស្នើឱ្យអង្គការសង្គមស៊ីវិល ដែលមានឆន្ទៈក្នុងការចូលរួម ការពារធនធានធម្មជាតិពិតប្រាកដ សហការជាមួយក្រសួង ធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ ចៀសវាងការបកស្រាយដោយមិនមានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីបទដ្ឋានបច្ចេកទេស ហើយគ្រាន់តែបំពុលមតិមហាជន»

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺអំពីការនាំខ្សាច់ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសនានា ក្នុងអំឡុងឆ្នាំ២០០៧ និងឆ្នាំ២០១៥។ ក្រុមអង្គការសង្គមស៊ីវិល ចង់ឲ្យក្រសួងរ៉ែ និងថាមពល បំភ្លឺពីភាពខុសគ្នា នៃទិន្នន័យនាំខ្សាច់ពីកម្ពុជា ចូលទៅប្រទេសសិង្ហបុរី ដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី។

ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញទិន្នន័យនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី ដោយយោងតាមក្រសួងពាណិជ្ជកម្មថា ការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ក្នុងចន្លោះឆ្នាំ២០០៧ និង២០១៥ មានចំនួនប្រមាណ ២,៨លានតោន ក្នុងតម្លៃ ៥,៥លានដុល្លារអាមេរិក តែទិន្នន័យបង្ហាញដោយនាយកដ្ឋានស្ថិតិពាណិជ្ជកម្ម របស់រដ្ឋាភិបាលសិង្ហបុរី ការនាំចូលខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី មានរហូតដល់ទៅ ៧២,៨លានតោន ដែលមានគម្លាតខុសគ្នាចំនួន ៦៩,៩លានតោន មានតម្លៃប្រមាណ ៧៤៦,៥លានដុល្លារឯណោះ៕

ក្រសួងរ៉ែ ហាមសង្គមស៊ីវិល បកស្រាយ​ដោយមិនមាន​មូលដ្ឋាន អំពីរឿងនាំចេញខ្សាច់​ទៅបរទេស