(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋាន ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៣២នាក់ ក្នុងស្រី១០នាក់ ដែលចូលមករស់នៅខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ក្រុមប្រតិបត្តិការចម្រុះបានត្រួតពិនិត្យ ឃើញមានជនបរទេសចំនួន៣២នាក់ ស្រី១០នាក់ ជាជនជាតិវៀតណាម ដែលចូលមករស់នៅ ដោយគ្មានលិខិតឆ្លងដែន ហើយក្នុងនោះដែរបានពិនិត្យឃើញថា មានជនជាតិវៀតណាមចំនួន១៥នាក់ បានលួចកាន់ប្រើប្រាស់ឯកសារជំរឿនជនបរទេស (អ៣) ថតចំលងដោយខុសច្បាប់។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដ ហើយជនជាតិវៀតណាម១៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទថតចំលង ដោយកាន់ប្រើប្រាស់ឯកសារអ្នកដទៃ ដោយខុសច្បាប់៕