(ភ្នំពេញ)៖ នៅក្នុងសមាជវិសាមញ្ញរបស់ គណបក្សហ៊្វុនស៊ិនប៉ិច កាលពីម្សិលមិញនេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនេះ បានសម្តែងប្រតិកម្មយ៉ាងខ្លាំងទៅនឹងមេបក្សប្រឆាំង លោក សម រង្ស៉ី និង លោក កឹម សុខា ដែលបានហៅគណបក្សរបស់ព្រះអង្គថា ជាគណបក្សសូន្យកៅអី។ សម្តេចក្រុមព្រះបានចាត់ទុកថា ការថ្លែងបែបនេះរបស់មេបក្សប្រឆាំង គឺជាការភ្លេចកំណើតខ្លួនឯង។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលថា «កន្លងមក លោក សម រង្ស៊ី បានមើលងាយគណបក្សហ៊្វុនស៊ិនប៉ិច ថាជាគណបក្សសូន្យកៅអី ហើយលោក កឹមសុខា ក៏និយាយដូចគ្នាដែរ, យើងមើលមើល៍ តើយើងវាសូន្យមែនទេ? ញឹក ប៊ុនឆៃ និង អរុណរស្មី បានសូន្យមែន ប៉ុន្តែអ្នករាជានិយម អ្នកសីហនុនិយម មានច្រើនជាងនេះទៀត»

សម្ដេចក្រុមព្រះ មានព្រះបន្ទូលបន្តថា «ដូច្នេះ ផ្ដាំទៅជម្រាបគាត់វិញផង (លោក សម រង្ស៊ី) ថាអ្នករាជានិយមមានច្រើនណាស់ ហើយដែលគាត់បានលទ្ធផលល្អ កាលពីបោះឆ្នោតសកលកន្លងទៅនេះ គឺភាគច្រើនដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិច ទៅបោះឲ្យគាត់ទេ បោះឲ្យគណបក្សសង្គ្រោះជាតិនោះច្រើនណាស់ កុំអាលចេះតែភ្លេចអញ្ចឹង ខ្មែរយើងចូលចិត្តតែភ្លេចកំណើតខ្លួនឯង»

កាលពីពេលកន្លងទៅ លោក សម រង្ស៊ី បានថ្លែងប្រាប់សកម្មជន និងអ្នកគាំទ្ររបស់ខ្លួនថា គណបក្សតូចតាចមួយចំនួន រួមទាំងគណបក្សហ៊្វុនស៊ិនប៉ិច ផងនោះ គ្មានលទ្ធភាពដណ្ដើមយកកៅអី ក្នុងសង្វៀនជ្រើសតាំងតំណាងរាស្រ្តបានដូចគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះទេ ព្រមទាំងបានចាត់ទុកគណបក្សរាជានិយមមួយនេះ គ្មានផ្លូវទទួលបានកៅអីក្នុងសភាឡើយ។ គណបក្សតូចៗមួយចំនួន ក៏បានចេញមុខប្រតិកម្ម​ចំពោះការលើកឡើងរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិដែរ៕