(ភ្នំពេញ)៖ លោក យ៉ង់ គីមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព នៅថ្ងៃសៅរនេះបានហាក់សម្តែង ការគាំទ្រដល់ការបង្រ្កាបបាតុកម្មតវ៉ា នៅសហរដ្ឋអាមេរិក។ លោកចាត់ទុកថា ការបង្រ្កាបបាតុកម្ម ដែលបំផ្លិចបំផ្លាញទ្រព្យសម្បតិសាធារណៈត្រូវតែបង្ក្រាប ដើម្បីការពារទ្រព្យសម្បត្តិ មិនមែន រំលោភសិទ្ធិមនុស្សទេ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោក យ៉ង់ គីមអេង បានមើលទៅតាមស្ថានភាពនៅអាមេរិក នាពេលបច្ចុប្បន្ននេះ មិនជាល្អណាស់ណាទេ ក្រោយពីមានបាតុកម្មផ្ទុះអំពើហិង្សា ឈានដល់ការបង្រ្កាបពីកម្លាំងសមត្ថកិច្ចនៅសហរដ្ឋអាមេរិក។

លោកថា បើកាលណាបាតុកម្ម មានការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិគេត្រូវតែបង្រ្កាបហើយ ដើម្បីការពារទ្រព្យសម្បត្តិ ការពារសេចក្តីសុខសាន្ត សេចក្តីសន្តិសុខ មនុស្សម្នាក់ផ្សេងទៀត វាជារឿងធម្មតាទេ ប្រទេសណាក៏ធ្វើចឹងដែរ។ ប៉ុន្តែបើកាលណាបាតុកម្មនោះ ជាបាតុកម្មអហិង្សា គេមិនបានធ្វើអ្វីឲ្យមានហិង្សា ហើយទៅបង្រ្កាប មិនថានៅប្រទេសណា ឬនៅអាមេរិកនោះទេ គឺជាការរំលោភសិទ្ធិមនុស្សហើយ។

លោក យ៉ង់ គីមអេង បានបញ្ជាក់ថា «ប្រសិនជាការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ គេបង្រ្កាប ដើម្បីកុំឲ្យមានការរីករាលដាលធ្វើឲ្យខូចខាតខ្លាំង អាហ្នឹង វាមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ»។ ប៉ុន្តែបើកាលណាការប្រើប្រាស់សំភារៈ ឬឧបករណ៍ដើម្បទៅបង្រ្កាបមិនសមស្រប អាហ្នឹងជារឿងមួយដែលមានការរំលោភ សិទ្ធិមនុស្សដែរ»។

សូមជំរាបថា កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបោះឆ្នោតរួច សហរដ្ឋអាមេរិកបានប្រកាសថា លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលបានយកឈ្នះលើ លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណាបណ្តាញសារព័ត៌មានល្បីៗ បានសរសេរថា ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតពុំបានសុខចិត្តនោះឡើយ ហើយនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ឈានដល់ផ្ទុះហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈតាមដងផ្លូវ។

សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃនេះថា បាតុកម្មដ៏កក្រើកកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជន រាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រ លោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការជាប់ឆ្នោត ជាប្រធានាធិបតីដោយស្របច្បាប់របស់លោក ដូណាល់ ត្រាំ ក្នុងនោះមាននៅតាមបណ្តារដ្ឋធំៗ ជាច្រើនដូចជា New York, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។

គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើក ទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់៕

វិដេអូខាងក្រោមនេះជាសកម្មភាពបង្ក្រាបបាតុកម្ម និងបាតុករបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ៖