(ភ្នំពេញ)៖ មេក្លោងចោរប្លន់ជាជនជាតិចិន ដែលជាអ្នករៀបចំផែនការ នឹងធ្វើសកម្មភាពដោយផ្ទាល់ជាមួយបក្ខពួក ចូលទៅប្លន់យកទ្រព្យសម្បត្តិនៅបណ្ណាគារ របស់ជនជាតិចិនដូចគ្នា រហូតបាញ់សម្លាប់សន្ដិសុខ ដែលយាមនៅដីឡូត៍ក្បែរនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ ជាអធិការខណ្ឌ និងលោក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បង្ហាញមុខនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្រុមចោរប្លន់ប្រដាប់អាវុធជនជាតិចិន បានចូលទៅធ្វើសកម្មភាពបាញ់គំរាម២គ្រាប់ យកខ្សែក និងលុយ៥០០ដុល្លារ ពីស្ដ្រីជនជាតិចិនឈ្មោះ លូ បាយហែរ កំពុងលក់ដូរក្នុងផ្ទះលេខ៤៥A ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយករណីនេះ ក្រុមចោរប្លន់ បានបាញ់សម្លាប់បុរសសន្ដិសុខម្នាក់ ឈ្មោះ យ៉ែន រីណង់ យាមនៅបុរីភូមិគ្រឹះ វូហ្គោ នៅពេលដែលដេញក្រុមចោរទាំងនេះ រត់ចូលទៅក្នុងដីឡូត៍ហើយជនរងគ្រោះ បានដេញពួកគេ។

អធិការខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់ក្រុមអ្នកកាសែតថា ក្រោយពីមានអំពើប្លន់នេះកើតឡើង ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញារង ចែ សុង កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើការស្រាយជ្រាវយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល៤ថ្ងៃ ទើបឈានទៅដល់ការចាប់ខ្លួនមេក្លោង ឈ្មោះ យាវ ជីវ៉ៃ អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរទំនាក់ទំនងទិញដី ស្ថិតនៅផ្ទះលេខ៤៦H ផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្រោយការចាប់ខ្លួនមេក្លោងរូបនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានដកហូត ប្រអប់កាំភ្លើងខ្លី ទូរស័ព្ទដៃ និងសម្ភារមួយចំនួនទៀត៕