(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកថវិកាចំនួន ២៩លានរៀល ទៅប្រគល់ជូនក្រុមកីឡាករចំណុះទូកអុំ និងទូកចែវចំនួន២១ទូក មកពីទូទាំងខេត្តកំពង់ឆ្នាំង និងចំនួន៤ទូកទៀត មកពីស្រុករលាប្អៀរ។

ពិធីចុះចែកអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ដែលជាថ្ងៃបើកឆាកដំបូង នៃការប្រណាំងទូក.ង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអុំបុក នាឆ្នាំ២០១៦នេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករអុំទូក.ងទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នាក្នុងក្រុម ក៏ដូចជាត្រូវមានសាមគ្គីភាព ជាមួយក្រុមកីឡាករដទៃ ដើម្បីញាំងបរិយាកាស ព្រះរាជពិធីបុណ្យជាតិមួយនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងសប្បាយរីករាយថែមទៀត៕