(អាមេរិក)៖ ខណៈទីក្រុងធំជាច្រើនដូចជា វ៉ាស៊ីនតោន, ញូយ៉ក, និង ផតឡេន ជាដើមកំពុងតែធ្វើ​​បាតុកម្មផ្ទុះហិង្សាប្រឆាំងលោក ត្រាំ យ៉ាងក្តៅគគុកនោះ ងាកមករដ្ឋ Pennsylvania ដែលជាជម្រកនៃលោក Fethullah Gulen ដែលប្រទេសតួកគីចោទថា ជាមេក្លោងធ្វើរដ្ឋប្រហារនោះ បានប្រារព្ធពិធី​អបអរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីថ្មី នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមពិតតាមការស្ទង់មតិកន្លងមក សារព័ត៌មាននានាជាពិសេស CNN បានផ្តល់ក្តីសង្ឃឹមខ្លាំងថា​ រដ្ឋ Pennsylvania ទាំងមូលនឹងបោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែអ្វីៗគឺផ្ទុយស្រឡះតែម្តង​ដោយប្រជាពលរដ្ឋភាគច្រើន​ បានបោះឆ្នោតជូនលោក ត្រាំ។ ប្រការនេះធ្វើឲ្យវិភាគមួយចំនួនលើកឡើ​ងថា រដ្ឋនេះមានអ្នកបោះឆ្នោត លាក់មុខ «Invsible voters» ដែលពួកគេមិនបានប្រាប់មុនឡើយថា គេនឹង​បោះឆ្នោតឲ្យនរណា ដោយរង់ចាំដល់ថ្ងៃបោះតែម្តង។

ដោយឡែកលោក Lou Barletta សមាជិករដ្ឋសភា មកពីគណបក្សសាធារណរដ្ឋវិញ ត្រូវបានគេ​អះអាងថា បានប្រកាសជោគជ័យនៅទីក្រុង Hazleton នៃរដ្ឋ Pennsylvania តាំងពីមុនលទ្ធផលបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា សម្រាប់រដ្ឋនេះចេញជាផ្លូវការមកម្ល៉េះ៕