(បន្ទាយមានជ័យ)៖ ​កម្លាំង​អាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះ​ឃាត់ខ្លួនជនដៃឆៅម្នាក់ ក្រោយទទួលពាក្យបណ្ដឹងថា ជននេះមានបំណងចង់សម្លាប់ ជនរងគ្រោះ២នាក់ផ្សេងទៀត, ក្រោយពីឃាត់ខ្លួនបានហើយ កម្លាំងសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀន​​មួយចំនួន នៅជាប់នឹងខ្លួនជនសង្ស័យថែមទៀត ក៏បញ្ជូនទៅសាកសួរភ្លាមៗតែម្ដង​។

លោក​ ស ប៊ុនសឿង​ មេបញ្ជាការរងអាវុធហត្ថខេត្ត​ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News នៅល្ងាចនេះថា​ តាម​ពាក្យ​​បណ្តឹងរបស់ស្រ្តីរងគ្រោះឈ្មោះ​​ រស់ ​ពិសី​ អាយុ​២៦ឆ្នាំ​ និងប្អួនប្រុសម្នាក់ទៀតឈ្មោះ រស់ រស្មី​​ ​អាយុ១៦ឆ្នាំ បានចោទប្រកាន់​លើជនសង្ស័យ​ឈ្មោះ​ កែវ​ សីហា​ ហៅពីងពាង អាយុ២៥ឆ្នាំ​ថា ​បាន​យកកាំភ្លើងខ្លី​បាញ់ប្រហារលើខ្លួន កាលពីយប់ថ្ងៃទី០៦ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦ កន្លងមកទៅ តែសំណាង​ល្អមិនបានបង្កឲ្យមានអ្នករងរបួសឡើយ។

លោកមេបញ្ជាការរងបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម​ កម្លាំង​សមត្ថកិច្ចរបស់លោក បានចុះស្រាវជ្រាវ​រហូតឈានមកដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ​ ត្រង់ចំណុចផ្លូវ​រថភ្លើង ​ក្រោយ​សណ្ឋាគារ​នាគមាស​ថ្មី​​ ស្ថិតនៅភូមិអូរជ្រៅ​ សង្កាត់-ក្រុងប៉ោយប៉ែត និងបានរកឃើញ​ថ្នាំញៀន​ ប្រភេទ​ម៉ាទឹកកកចំនួន ១កញ្ចប់តូច ថ្នាំក្រវី ​​១ថង់ ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និង​សម្ភារៈសម្រាប់ជក់មួយចំនួនធំ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តែម្ដង។

ក្រោយពីសាកសួរចម្លើយ ជនសង្ស័យបានសារភាព​ថា គ្រឿងញៀន និងវត្ថុតាងទាំងអស់ គឺជា​​របស់ខ្លួនពិតមែន រីឯករណីបាញ់បោះ​នោះ​ មិនពាក់ព័ន្ធនឹងខ្លួនទេ គឺបក្ខពួករបស់ខ្លួនម្នាក់ទៀតជាអ្នកប្រព្រឹត្ត ដែលមានឈ្មោះ ម៉ាន​ ហៅ​ស្មាន ជាអ្នកបាញ់បោះ​ទៅលើ​ជនរងគ្រោះ ​តែបានរត់គេចខ្លួនបាត់ហើយ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ចជំនាញ​កំពុងកសាងសំណុំរឿង​ បញ្ជូនទៅកាន់សាលាដំបូង​ខេត្ត ដើម្បីចាត់ការតាមច្បាប់ ចំណែក​បក្ខ​ពួកជនបង្កម្នាក់ទៀត ​​កម្លាំងអាវុធ​ហត្ថ​ខេត្តកំពុង​ស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់​​៕