(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យអុំទូក៣ថ្ងៃនេះកន្លងទៅនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិយ៉ាងច្រើនកុះករ និងបាន ផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោកឲ្យគេបានស្គាល់ពីកម្ពុជាកាន់តែច្រើនឡើងៗ។នេះបើតាមការបង្ហោះឲ្យដឹង នៅលើ Facebook Page ផ្លូវការរបស់សម្តេចតេជោនៅមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «យើងក៏មិនភ្លេចផងដែរថា ក្នុងពេលដែលកម្ពុជាប្រាព្ឋព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ យ៉ាងសប្បាយរីករាយបំផុតនោះ គឺមាន ប្រទេសមួយចំនួនកំពុងរត់លូនដោយសារ សង្គ្រាមយ៉ាងវេទនាបំផុត ដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើន ទសវត្សកន្លងមកហើយ។កម្ពុជាត្រូវតែមាន «សន្តិភាព» ដាច់ខាតដើម្បីយើងមាន ឱកាសកសាង ប្រទេសជាតិ។ពិធីបុណ្យអុំទូក៣ថ្ងៃនេះកន្លងទៅនេះ បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិយ៉ាងច្រើនកុះករ និងបានផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកឲ្យគេបានស្គាល់ព្រះរាជាណាចក្រកម្ពុជាយើងកាន់តែ ច្រើនឡើង។ នៅពេលនេះ បងប្អូនកីឡាករអុំទូក ក៏ដូចបងប្អូនប្រជាពលរដ្ឋមួយចំនួនធំកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់ខេត្តរបស់ខ្លួនវិញ។ សូមបងប្អូនជនរួមជាតិធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពតាមផ្លូវ»

សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងសារព័ត៌មានជាតិ និងអន្តរជាតិដែលបានចូលរួមផ្សព្វផ្សាយ ពិធីបុណ្យអុំទូកតាមបណ្តាញ សារព័ត៌មាន និងតាមបណ្តាញសង្គមនានា។

គួរកត់សំគាល់ថា ពិធីបុណ្យអុំទូក រៀបចំធ្វើរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបិទបញ្ចប់ដោយរលូន និងមានការចូលរួមពីប្រជាពលរដ្ ឋទាំងនៅរាជធានីភ្នំពេញ និងនៅ តាមបណ្តាខេត្តយ៉ាងច្រើនកុះករ និងពោលពេញដោយសេចក្តីសប្បាយរីករាយគ្រប់ៗគ្នា៕